ភ្នំពេញ៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ជម្លោះបាញ់ប្រហារគ្នារវាងកម្ពុជា និងថៃ នឹងបញ្ចប់ក្នុងពេលដ៏ខ្លី ហើយពួកគេនឹងត្រឡប់ទៅរស់នៅក្នុងសន្តិភាពវិញ ដូចដែលយើងបានយល់ព្រមជាមួយគ្នាកាលពីពេលថ្មីៗនេះ»។
នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងបណ្តាញ Truth Social X នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
«ខ្ញុំចូលរួមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរ ចំពោះភាពប៉ិនប្រសប់របស់ពួកគេក្នុងការឈានទៅដល់ការសម្រេចដ៏លឿន និងយុត្តិធម៌នេះ។ ការសម្រេចដ៏រហ័ស និងត្រឹមត្រូវ បានធ្វើឱ្យស្ថានភាពគឺដូចជានៅពេលនេះ»។
លោក បានបន្ថែមថា ដូចសព្វមួយដង សហរដ្ឋអាម៉េរិកមានមោទនភាពក្នុងការជួយបញ្ចប់សង្គ្រាម និងជម្លោះ ហើយដែលខ្ញុំបានដោះស្រាយ និងបញ្ឈប់ក្នុងរយៈពេលដប់មួយខែចុងក្រោយ គឺប្រហែលជា ៨។
សូមរម្លឹកថា កម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយក្នុងនោះមានការប្រកាសពីបទឈប់បាញ់បន្ទាន់ ចាប់ពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ៕










