ខ្សែប្រយុទ្ធLautaro Martinez បានស៊ុតបញ្ចូលទីដើម្បីផ្តល់ឱ្យ Inter Milan នូវជ័យជម្នះដ៏សំខាន់ 1-0 នៅលើទឹកដី Atalanta កាលពីថ្ងៃអាទិត្យដោយបញ្ជូនក្រុមរបស់គាត់ទៅកាន់កំពូលនៃក្របខណ្ឌអ៊ីតាលី Serie A សម្រាប់ឆ្នាំថ្មី។
Inter នាំមុខលើតារាងលីគដែលមានការប្រគួតប្រជែងយ៉ាងតឹងតែដោយមាន ៣៦ ពិន្ទុ នាំមុខគូប្រជែង AC Milan មួយពិន្ទុ និង Napoli ពីរពិន្ទុតែប៉ុណ្ណោះ។
បន្ទាប់ពីចាញ់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Italian Super Cup ក្រោមស្នាដៃក្រុម Bologna កាលពីប្រាំបួនថ្ងៃមុន កូនក្រុមរបស់លោក Cristian Chivu បានបង្ហាញសញ្ញាដំបូងនៃការជាសះស្បើយពីការខកចិត្តមកវិញដោយដណ្តើមបានបីពិន្ទុនៅក្នុងលីគ។
កីឡាករសញ្ជាតិអាហ្សង់ទីន Martinez បានប្រាប់សារព័ត៌មាន DAZN ថា “ពួកគេជាក្រុមខ្លាំងមួយ ពីព្រោះ Atalanta គឺជាក្រុមខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រេចបានយ៉ាងច្រើននៅក្នុងក្របខ័ណ្ឌ Serie A និងអឺរ៉ុប។ពួកគេជាក្រុមដែលត្រូវតែប្រុងប្រយ័ត្ន ពួកគេមានការវាយបកយ៉ាងក្លៀវក្លា ហើយយើងដឹងពីអ្វីដែលយើងនឹងប្រឈមមុខនៅថ្ងៃនេះ ប៉ុន្តែយើងរៀបចំបានល្អ និងត្រូវតែបន្តកែលម្អ។ ខ្ញុំសប្បាយចិត្ត នេះជាអំណោយសម្រាប់អ្នកគាំទ្រ Inter ទាំងអស់ និងសម្រាប់គ្រួសាររបស់យើងដែលឈរជាមួយយើង។”
នៅថ្ងៃជាមួយគ្នានេះAC Milan បានទទួលជ័យជម្នះ 3-0 លើក្រុម Hellas Verona ដោយបានបន្តការប្រកួតក្នុងលីគមិនស្គាល់ចាញ់របស់ពួកគេរហូតដល់ 15 ប្រកួតជាប់គ្នា។ ចំណែកម្ចាស់ជើងឯកចាស់Napoli បានផ្តួលក្រុម US Cremonese 2-0 នៅកីឡដ្ឋាន Stadio Giovanni Zini បន្តពីភាពជោគជ័យ Supercoppa Italiana នាពេលថ្មីៗនេះរបស់ពួកគេ៕










