ខេត្តស្ទឹងត្រែង៖ ក្រុងស្ទឹងត្រែងកាន់តែមានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីពលរដ្ឋនិងទេសចរទៅកម្សាន្ត ក្រោយគម្រោងកែលម្អសោភណភាពក្នុងក្រុងបានលេចរូបរាងឡើងសម្រេចលទ្ធផលជាបន្តបន្ទាប់។
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែងបានរំលេចពីគម្រោងសំខាន់ៗ និងសមិទ្ធផលថ្មីៗពីការអភិវឌ្ឍក្នុងក្រុងស្ទឹងត្រែង តាមរយៈការកែលម្អសោភណភាពក្នុងក្រុង និងការលើកកម្ពស់ស្តារហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើរឡើង។
លោក ម៉ែន គុង បានបញ្ជាក់ថា មានគម្រោងជាច្រើនកំពុងអនុវត្តដូចជាការរៀបចំទីលានតេជោសន្តិភាព និងវេទិកានាគជ័យ ជាកន្លែងពហុបំណងសម្រាប់រៀបចំព្រឹត្តិការណ៍នានា និងជាកន្លែងសម្រាកលំហែរបស់ប្រជាពលរដ្ឋ។ សួនសម្តេចបវរធិបតី ត្រូវបានរៀបចំកែលម្អឲ្យជាសួនច្បារសាធារណៈដ៏ស្រស់ស្អាតសម្រាប់ពលរដ្ឋមកកម្សាន្ត។
សួនសុវណ្ណភូមិ ដែលស្ថិតនៅតាមបណ្ដោយទន្លេសេកុង ក៏ត្រូវបានរៀបចំក្រៅពីដើម្បីលើកសោភណភាពមានចារឹកបង្ហាញពីប្រវត្តិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានការផ្សារភ្ជាប់ជាមួយអង្គព្រះមហាក្សត្រសម័យមុនៗ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានរៀបចំនិមិត្តរូបតំណាងខេត្ត ដែលមានដាក់តាំងរូបសំណាកមច្ឆាជាតិ រុក្ខជាតិ និងការបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ក្នុងតំបន់។ ក្រៅពីនេះក៏មានរៀបចំកន្លែងកម្សាន្តសម្រាប់កុមារ (Playground) និងកន្លែងហាត់ប្រាណសម្រាប់មនុស្សពេញវ័យនៅតាមមាត់ទន្លេ។ អាជ្ញាធរក៏បានសាងសង់រង្វង់មូលចំនួនពីរបន្ថែមទៀត នៅចំណុចផ្លូវបំបែកអូរពងមាន់ និងនៅផ្លូវបំបែកផ្លូវជាតិលេខ ៩ និងលេខ ៧ ចាស់។
ដោយទទួលបានការគាំទ្រពីគម្រោង ADB ផ្លូវថ្មើរជើងប្រវែងជាង ៧០០ ម៉ែត្រ ក៏ត្រូវបានស្ថាបនាតាមមាត់ទន្លេសេកុង រួមទាំងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រួលសម្រាប់ពលរដ្ឋមកកម្សាន្ត។
លោកអភិបាលរងរូបនេះ បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាចក្ខុវិស័យចម្បងរបស់ខេត្ត គឺការប្រែក្លាយផ្លូវដីឱ្យទៅជាផ្លូវបេតុងជាពិសេសនៅក្នុងតំបន់ប្រជុំជន និងតំបន់ទេសចរណ៍។ បច្ចុប្បន្នផ្លូវក្នុងក្រុងភាគច្រើនត្រូវបានស្ថាបនាជាកៅស៊ូ ឬផ្លូវបេតុងរួចរាល់អស់ហើយ។
លោកថា គម្រោងទាំងអស់ភាគច្រើនបានបញ្ចប់សព្វគ្រប់ ប៉ុន្តែនៅសេសសល់ការងារមួយចំនួនដូចជា ការរៀបចំរង្វង់មូល ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ និងការដាំដើមឈើលម្អបន្ថែម នឹងត្រូវអនុវត្តបន្តបន្ទាប់ទៀត។
ក្រៅពីការអភិវឌ្ឍក្នុងក្រុង បើតាមមន្រ្តីរដ្ឋបាលខេត្ត អាជ្ញាធរក៏មានគម្រោងស្ថាបនាផ្លូវភ្ជាប់ពីក្រុងស្ទឹងត្រែងទៅដល់ឃុំអូរម្រះ ក្នុងស្រុកសៀមបូក ដែលជាតំបន់អេកូទេសចរណ៍ដែលមានត្រីផ្សោតទឹកសាបជាសក្ដានុពលទាក់ទាញទេសចរ។
ដោយឡែកផ្លូវទៅទឹកធ្លាក់ព្រះនិមិត្តដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងខេត្ត ដែលមានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ ក៏កំពុងត្រូវបានសាងសង់ តាមរយៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបន្ទុកសាងសង់ភ្ជាប់ពីផ្លូវជាតិលេខ ៩ ទៅដល់ឃុំព្រះរំកិល និងក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកផ្នែកខ្លះទៀតជាផ្លូវកៅស៊ូ៕ដោយ៖តារា










