ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងសហការី រួមដំណើរដោយនាយកសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី សៀង ចាន់ណា អាយុ៤១ឆ្នាំ ជាភរិយាយោធិនជួរមុខទិស ឧត្តរមាន ជ័យ បានភៀសខ្លួនមករស់នៅស្រុកកំណើត ស្ថិតនៅភូមិអណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម និងភរិយាយោធិននៅជួរមុខ១គ្រួសារទៀត ឈ្មោះ អ្នកស្រី វី ចាន់មួយលី អាយុ ២៤ឆ្នាំ បានភៀសខ្លួនមកនៅ ភូមិកោះរកា ស្រុកកំពង់សៀម ជាភរិយារបស់យោធិនឈ្មោះ ឯក វិច្ឆ័យ ជាយោធិនជួរមុខ នៅទិស ឧត្តរមាន ជ័យ ដែលបានច្បាប់ពីអង្គភាពមកកំដរប្រពន្ធមួយរយ:។ ភរិយាវីរ:កងទ័ពជួរមុខ ទាំង ២នាក់ បានមកសម្រាក និងសម្រាលកូនដោយសុវត្ថិភាពបាន ១នាក់ និងម្នាក់ទៀត កំពុងត្រៀមសម្រាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ។
លោកស្រី ប៉ាង ដានី បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីលោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។
លោកស្រី ប៉ាង ដានី បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូន គ្រួសារយោធិនទាំង២ ក្នុង១គ្រួសារ ទទួលបាន ម្សៅ ទឹកដោះគោ សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាចំនួន ១,០០០,០០០រៀលផងដែរ៕










