សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃចន្ទ ទី២៩ ខែធ្នូ យោធាអាមេរិកបានឱ្យដឹងថា មនុស្ស២នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។
ប្រការនេះនាំឱ្យចំនួនមនុស្សដែលត្រូវបានសម្លាប់សរុបក្នុងយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៉ីនតោននៅក្នុងតំបន់ កើនដល់យ៉ាងហោច១០៧នាក់។ ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិក បានបើកការវាយប្រហារសរុបយ៉ាងហោច៣០លើកទៅលើទូកដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនគ្រឿងញៀនចូលសហរដ្ឋអាមេរិក ដោយការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងនៅភាគខាងកើតប៉ាស៉ីហ្វិក និងនៅសមុទ្រ Caribbean។
រដ្ឋាភិបាលអាមេរិកមិនបានផ្តល់ភស្តុតាងណាមួយឡើយ ដែលបង្ហាញថា ទូកទាំងនោះពិតជាពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនមែន ជាហេតុនាំឱ្យមានការដេញដោលមតិអំពីភាពស្របច្បាប់នៃប្រតិបត្តិការវាយប្រហារទាំងនេះ។ ក្រុមអ្នកជំនាញច្បាប់អន្តរជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការវាយប្រហាររបស់អាមេរិកស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ បើទោះបីជាជនសង្ស័យនៅលើទូកទាំងនោះជាឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនមែនក៏ដោយ៕ ដោយធីរីណា
រូបថត: AFP










