ក្រោយការគំរាមរបស់ លោក ត្រាំ អ៉ីរ៉ង់ព្រមានថា ការឈ្លានពាននឹងទទួលរងទៅវិញ នូវការឆ្លើយតបដ៏ខ្លាំងក្លា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានលើកឡើងថា ទង្វើឈ្លានពានណាមួយប្រឆាំងមកលើអ៉ីរ៉ង់ នឹងត្រូវទទួលរងទៅវិញនូវការឆ្លើយតបដ៏ខ្លាំងក្លាភ្លាមៗ បន្ទាប់ពីមានការគំរាមពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិក អាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ។ លោក Ali Shamkhani ដែលជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហោះសារថា សមត្ថភាពមីស៉ីលនិងការពារជាតិរបស់អ៉ីរ៉ង់ មិនអាចត្រូវបានរាំងខ្ទប់ ឬមួយអាស្រ័យលើការអនុញ្ញាតពីប្រទេសដទៃនោះឡើយ ហើយការឈ្លានពានណាមួយ នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបដ៏ខ្លាំងក្លាភ្លាមៗ ហួសពីការស្រមៃរបស់សត្រូវ។
លោក ត្រាំ បានគំរាមអ៉ីរ៉ង់ដូចខាងលើ ក្រោយពីបានបើកកិច្ចប្រជុំទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នៅរដ្ឋ Florida។ សហរដ្ឋអាមេរិក បានចូលរួមជាមួយអ៉ីស្រាអែល អំឡុងសង្រ្គាមតាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានប្រព្រឹត្តទៅរយៈពេល១២ថ្ងៃ កាលពីខែមិថុនា៕


រូបថត​:AP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print