ឆ្នាំថ្មីចាប់ផ្តើមការដណ្តើមជើងឯកនៅអ៊ីតាលី ក្រុមកំពូលទាំង 5 ក្នុងតារាង Serie A រួមមាន Inter Milan, AC Milan, Napoli, AS Roma និង Juventus កំពុងមានពិន្ទុដេញគ្នាយ៉ាងប្រកិតខុសគ្នាត្រឹមតែ4ពិន្ទុប៉ុណ្ណោះ។
Inter កាន់កាប់តំណែងកំពូលបន្ទាប់ពីការឈ្នះ 4 ប្រកួតហើយនៅថ្ងៃអាទិត្យពួកគេធ្វើជាម្ចាស់ផ្ទះទទួល Bologna ដែលបានទម្លាក់ពួកគេក្នុងការប្រកួត Italian Super Cup នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការស៊ុតបាល់ប៉េណាល់ទី។
Bologna បានធ្លាក់ទម្រង់លេងក្នុងលីគ ដោយមិនបានទទួលជ័យជម្នះក្នុងការប្រកួតបួនលើកចុងក្រោយរបស់ពួកគេ ហើយធ្លាក់ទៅចំណាត់ថ្នាក់លេខ 7 និង មាន 10 ពិន្ទុតាមពីក្រោយក្រុម Inter Milan ដែលនៅតែមិនមានកីឡាករ Denzel Dumfries, Francesco Acerbi និង Ange-Yoan Bonny ដោយសាររបួស។
Inter គឺជាក្រុមស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីក ដោយរកបាន 35 គ្រាប់ក្នុង 16 ប្រកួត ហើយអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅរដូវកាលនេះ Lautaro Martinez ដែលរកបាន 9 គ្រាប់។
ក្រុមAC Milan ដែលស្ថិតនៅលេខ២ក្នុងតារាង និងមានមួយពិន្ទុតាមពីក្រោយInter Milan ធ្វើដំណើរទៅកាន់ក្លឹប Cagliari នៅថ្ងៃសុក្រ។ ក្រុមរបស់លោក Massimiliano Allegri មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីគចំនួន 16 ខណៈ Cagliari បានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតក្នុងផ្ទះចំនួន 8ដង។
ខ្សែប្រយុទ្ធRafael Leao មិនទាន់មានភាពច្បាស់លាស់ដោយសាររបួសសម្រាប់ AC Milan ប៉ុន្តែលោក Allegri នឹងមានខ្សែប្រយុទ្ធអាល្លឺម៉ង់ Niclas Fullkrug បន្ទាប់ពីការមកដល់ថ្មីរបស់គាត់ក្នុងលក្ខខណ្ឌខ្ចីជើងពី West Ham United ។
Napoli បានវិលត្រលប់ពីភាពជោគជ័យក្នុងការប្រកួត Super Cup របស់ពួកគេជាមួយនឹងជ័យជម្នះលើក្រុម Cremonese ដើម្បីបន្តឈរនៅលេខរៀងទី 3 និងតាមពីរពិន្ទុពីក្រោយក្រុមនាំមុខមុនការប្រកួតក្រៅដីនៅលើទឹកដីក្រុម Lazio នៅថ្ងៃអាទិត្យ ដែលក្រុមម្ចាស់ជើងឯកចាស់ត្រូវជួបជាមួយអតីតអ្នកចាត់ការទូទៅលោក Maurizio Sarri ដែលបានទទួលការវះកាត់បេះដូងតិចតួចនៅសប្តាហ៍នេះ ប៉ុន្តែត្រូវបានគេរំពឹងថានឹងត្រលប់មកបំពេញមុខងារធម្មតាវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
Roma ឈរនៅលេខរៀងទី 4 មាន 3 ពិន្ទុតាមពីក្រោយក្រុម Inter ហើយលោក Gian Piero Gasperini ឡើងមកជួបជាមួយអតីតក្លឹបរបស់គាត់ Atalanta ក្នុងការប្រកួតក្រៅដីនៅថ្ងៃសៅរ៍។
ទោះបីជាចាញ់ 3 ដងក្នុង 5 ដងចុងក្រោយរបស់ពួកគេក៏ដោយក៏ Roma នៅតែស្ថិតក្នុងការប្រជែងដណ្តើមពាន ហើយមិនទាន់បានស្មើមួយប្រកួតនៅរដូវកាលនេះក្នុង 23 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ Juventus មួយពិន្ទុតាមពីក្រោយក្រុម Roma ឈរលេខ 5 ម្ចាស់ផ្ទះជួបក្រុម Lecce នៅថ្ងៃសៅរ៍។ ក្រុមភ្ញៀវស្ថិតនៅលេខ១៦ក្នុងតារាងដែលមាន៤ពិន្ទុពីលើតំបន់កាត់ចោល៕










