ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានសន្យាថានឹងបង្រួបបង្រួមប្រទេសចិន និងកោះតៃវ៉ាន់ឡើងវិញនៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មីប្រចាំឆ្នាំរបស់លោកនៅទីក្រុងប៉េកាំង។ ការថ្លែងរបស់លោកបែបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាចិនបញ្ចប់សមយុទ្ធយោធាដ៏ខ្លាំងក្លាជុំវិញកោះតៃវ៉ាន់ លោក ស៊ី សង្គត់ធ្ងន់ថាការបង្រួបបង្រួមមាតុភូមិរបស់យើងគឺមិនអាចបញ្ឈប់បានទេ។
ថ្លែងនៅទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធ លោក ស៊ី បានបញ្ជាក់ច្បាស់ៗថាប្រទេសចិន “ឱបក្រសោបពិភពលោកដោយដៃបើកចំហ” និងបានគូសបញ្ជាក់ពីការប្តេជ្ញារបស់លោកក្នុងការបង្រួបបង្រួមតៃវ៉ាន់ឡើងវិញ លោកបន្ថែមទៀតថា”ជនរួមជាតិនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ត្រូវបានចងភ្ជាប់ដោយចំណងឈាមក្រាស់ជាងទឹក”ហើយការច្របាច់បញ្ចូលគ្នាតៃវ៉ាន់ឡើងវិញ និងគ្នានរណាម្នាក់អាចបញ្ឈប់បាននោះទេ។
គួរកត់សម្គាល់ថាកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ កងទ័ពរំដោះប្រជាជនចិនបានចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ដោយធ្វើត្រាប់តាមការបិទផ្លូវកំពង់ផែសំខាន់ៗ និងបញ្ជូនកងទ័ពជើងទឹក កងទ័ពអាកាស កងកម្លាំងរ៉ុក្កែត និងឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនទៅឡោមព័ទ្ធកោះតៃវ៉ាន់។
សមយុទ្ធនេះ ដែលមានឈ្មោះថា “បេសកកម្មយុត្តិធម៌ឆ្នាំ ២០២៥” បានខិតជិតដល់តៃវ៉ាន់ជាងសមយុទ្ធមុនៗ ហើយមានយន្តហោះចម្បាំងយ៉ាងហោចណាស់ ២០០ គ្រឿងក្នុងរយៈពេលពីរថ្ងៃ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ ចិនបានបិទបញ្ចប់សមយុទ្ធវិញដោយជោគជ័យមិនធ្លាប់មាន៕ដោយ៖តារា










