សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថាកិច្ចប្រជុំរបស់ក្រុមមេដឹកនាំអឺរ៉ុបក្នុងទីក្រុងប៉ារីស នៅថ្ងៃទី៦ ខែមករា នឹងធ្វើការប្ដេជ្ញាចិត្តចំពោះការការពារអ៊ុយក្រែន នៅបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៉ីសម្រេចបានដោយជោគជ័យ។
លោក Macron ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្ទរកថាឆ្នាំថ្មីមួយកាលពីថ្ងៃពុធ ទី៣១ ខែធ្នូ។ លោក Macron បានកោះប្រជុំក្រុមចម្រុះមួយមានឈ្មោះក្រុមចម្រុះនៃឆន្ទៈនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ក្រុមចម្រុះនេះដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង រួមជាមួយបណ្ដាប្រទេសច្រើនជាង៣០ផ្សេងទៀត។ «នៅថ្ងៃទី៦ ខែមករា ក្នុងទីក្រុងប៉ារីស បណ្ដារដ្ឋអឺរ៉ុប និងសម្ព័ន្ធមិត្តជាច្រើននឹងធ្វើការប្ដេជ្ញាចិត្តយ៉ាង រឹងមាំដើម្បីការពារអ៊ុយក្រែន និងធានាឱ្យបាននូវភាពយុត្តិធម៌ និងសន្តិភាពយូរអង្វែងនៅលើទ្វីបអឺរ៉ុបរបស់យើង»។ នេះជាការគូសបញ្ជាក់របស់លោក Macron។
កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ មេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសបាននិយាយថាមានការឯកភាពគ្នាយ៉ាងរឹងមាំមួយជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំមួយក្នុងទីក្រុងបែរឡាំង និងបានគូសបញ្ជាក់គោលដៅមួយចំនួនសម្រាប់ភាគីទាំងសងខាងធ្វើការឆ្ពោះទៅមុខ ក្នុងនោះរួមមានការប្ដេជ្ញាចិត្តគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កងកម្លាំងរក្សាសន្តិភាពដឹកនាំដោយអឺរ៉ុប និងការធានាសន្តិសុខ ប្រសិនបើអ៊ុយក្រែនរងការវាយប្រហារសាជាថ្មី៕
រូបថត: AP










