ក្រសួងការបរទេស៖ ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចំនួន២០ថ្ងៃ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា យោធាថៃគ្រប់គ្រងជាក់ស្តែងលើតំបន់នានាមួយចំនួននៅខេត្តចំនួនបួន ដែល ស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូល ហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ដែលកម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃនោះ បានបន្តថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន ដូចជា៖

ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន

ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)

ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ

ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print