ខេត្តកំពង់ស្ពឺ៖ ផ្ទះ១ខ្នងត្រូវបានឆេះហ្មត់ អស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ,ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយក្រោយពេលដុតផ្ទះខ្លួនឯងរួច បុរសមានសតិមិនប្រក្រតីដែលជាម្ចាស់ផ្ទះបានជិះម៉ូតូគេច ខ្លួនបាត់ធ្វើមិនដឹង ។
ហេតុការណ៍បុរសម្នាក់ដុតផ្ទះខ្លួនឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៦ នៅក្នុងភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលភ្ញាក់ ផ្អើលភ្លើងឆេះផ្ទះ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងសំរោងបានទទួលព័ត៌មានពីលោកមេភូមិតាយ៉ូវថា នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ឈ្មោះ ឌុល ធី ភេទប្រុស អាយុ៥០ឆ្នាំជាម្ចាស់ផ្ទះ(មានសតិមិនប្រក្រតី) រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច (រស់នៅម្នាក់ឯង) បានជិះម៉ូតូ០១គ្រឿង មកធ្វើសកម្មភាពដុតផ្ទះខ្លួនឯងឆេះហ្មត់(ទាំងស្រុង)។ ផ្ទះដែលឆាបឆេះមានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងបាំងស័ង្កសី ប្រក់ស័ង្កសី រងការខូចខាតផ្ទះទាំងស្រុង។ ក្រោយពេលដុតរួចបានជិះម៉ូតូគេចខ្លួន បាត់តែម្តង។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ករណីឆេះផ្ទះខាងលើនេះរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋានមិនបានចេញជួយអន្ដរាគមន៍នោះទេ ដោយទទួលបានព័ត៌មានយឺតពេល និង មិនមានរងរបួសមនុស្សនិងសត្វនោះឡើយ ។
ឈ្មោះ ឌុល ធី ភេទប្រុស អាយុ៥០ឆ្នាំជាម្ចាស់ផ្ទះ ខាង លើជាមនុស្សមានសតិមិនប្រក្រតីតែងតែធ្វើសកម្មភាពកន្លងមក ដូចជាដើរដុតធូប និងគូររូបមនុស្ស និងសរសេរអក្សរលើក្រដាស់ដោតជាប់ដីក្បែរៗរបងនៅក្នុងដីឡូត៍ផ្ទះរបស់អ្នកជិតខាង៕










