អាម៉េរិក៖ លោក Leewood Phu អតីតបេក្ខភាពទូតអាម៉េរិកប្រចាំប្រទេសថៃ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានដាក់លិខិតជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឱ្យផ្តល់ការណែនាំ និងអនុសាសន៍ ទាក់ទងនឹងក្រុមហ៊ុនអាម៉េរិកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការកសាងកម្ពុជាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយការឈ្លានពានរបស់យោធាថៃ មានចំនួនប្រហែល ៣០០ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងសេវាសាធារណៈសំខាន់ៗ។
ក្នុងលិខិតនោះ លោក Leewood Phu បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាម៉េរិក ក្នុងការទប់ស្កាត់សង្គ្រាមបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក និងជំរុញឲ្យមានសន្តិភាព ស្ថិរភាព រួមទាំងគំនិតផ្តួចផ្តើមក្នុងការបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហើយមិនអាចប្រកែកបាននោះគឺ គំនិតផ្តួចផ្តើមរបស់លោក ត្រាំ សមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។
លោក Leewood បានបន្តថា ជាអកុសល ការវិវឌ្ឍថ្មីៗបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់លោក ត្រាំ។ ក្នុងអំឡុងពេលជម្លោះឆ្នាំ២០២៥ ប្រតិបត្តិការយោធាថៃបានពង្រីកហួសពីព្រំដែន និងជ្រៅទៅក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយបង្កឱ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន។
បើតាមរបាយការណ៍បង្ហាញថា ការទម្លាក់គ្រាប់បែក តាមអាកាស និងការបាញ់ផ្លោងយ៉ាងច្រើនសន្ទាប់ ដែលឈានដល់ចម្ងាយប្រមាណហុកសិបម៉ាយនៅក្នុងប្រទេសកម្ពុជា បានប៉ះពាល់ដល់គោលដៅមិនមែនយោធា និងបានបង្កឱ្យមានការស្លាប់ និងរបួសជនស៊ីវិល ការផ្លាស់ទីលំនៅយ៉ាងច្រើន និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ កន្លែងដែលរងផលប៉ះពាល់ត្រូវបានរាយការណ៍ថារួមមានមន្ទីរពេទ្យ អគារលំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម សាលារៀន វិហារសាសនា វត្តអារាម និងទីតាំងដែលត្រូវបានទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក។ ភស្តុតាងទាក់ទងនឹងឧប្បត្តិហេតុទាំងនេះ ត្រូវបានកត់ត្រាទុក និងអាចរកបានតាមរយៈបណ្តាញផ្លូវការ រួមទាំងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
លោក Leewood បានបញ្ជាក់ថា ការវាយតម្លៃបឋមប៉ាន់ប្រមាណថាតម្លៃនៃការកសាង និងការស្តារឡើងវិញនៅកម្ពុជា ក្រោយការឈ្លានពានរបស់យោធាថៃ មានចំនួនប្រមាណ ៣០០ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងសេវា សាធារណៈសំខាន់ៗ។
ជាមួយគ្នានេះ អតីតបេក្ខភាពទូតអាម៉េរិកប្រចាំប្រទេសថៃរូបនេះ បានដាក់លិខិតស្នើសុំចំពោះការណែនាំ និងអនុសាសន៍របស់លោក ត្រាំ ទាក់ទងនឹងក្រុមហ៊ុនអាម៉េរិកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការកសាងឡើងវិញនូវការស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឡើងវិញ ដែលស័ក្តិសមសម្រាប់អនុវត្តកិច្ចខិតខំប្រឹងប្រែងសំខាន់ៗទាំងនេះនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖តារា










