ខេត្តបាត់ដំបង៖ ហេតុការណ៍អគ្គិភ័យបង្កឡើងដោយផ្ទៃក្នុងគ្រួសារមួយ បានកើតឡើងនៅវេលាម៉ោង ១៦÷ ០០ រសៀលនាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១០ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បង្កដោយជនសង្ស័យឈ្មោះ រ៉ាំង ស៊ា ភេទប្រុស អាយុ ៥១ឆ្នាំ (ត្រូវជាប្អូនបង្កើតម្ចាស់ផ្ទះ និងជាមនុស្សមានជំងឺសរសៃប្រសាទ)។ ម្ចាស់ផ្ទះ ឈ្មោះ រ៉ាំង សុំ ភេទស្រី អាយុ ៦០ឆ្នាំ (ត្រូវជាបងស្រីបង្កើតជនបង្ក)។
ទំហំផ្ទះបាយ៖ ២ម៉ែត្រ x ៣ម៉ែត្រ,ប្រភេទសំណង់៖ សង់អំពីឈើ ប្រក់ស័ង្កសី។ ត្រូវបានភ្លើងឆេះបំផ្លាញអស់ទាំងស្រុង។
ក្រោយទទួលព័ត៌មានកម្លាំងអន្តរាគមន៍បានចុះជួយ សង្គ្រោះដោយរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។
ដោយសារមានការអន្តរាគមន៍យ៉ាងសកម្មពីសំណាក់ មេភូមិ និងប្រជាពលរដ្ឋ នៅក្បែរខាង ភ្លើងត្រូវបានគ្រប់ គ្រង និងពន្លត់បានទាន់ពេលវេលាមិនឱ្យរីករាលដាលដល់ផ្ទះអ្នកដទៃ (រថយន្តពន្លត់អគ្គិភ័យមិនបានប្រើ ប្រាស់ទឹកបាញ់នោះទេ)។
ករណីនេះបានបង្ហាញពីហានិភ័យនៃការរស់នៅជាមួយអ្នកមានជំងឺសរសៃប្រសាទ ដែលខ្វះការគ្រប់គ្រង និងការយកចិត្តទុកដាក់ខ្ពស់ ដែលអាចបង្កជាគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត៕










