សារព័ត៌មាន Reuters បានផ្សាយថា អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជារដ្ឋមន្ត្រីប្រេង លោកស្រី Delcy Rodriguez កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡាជាផ្លូវការ ហើយ ខណៈប្រធានាធិបតីដែលត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីតំណែង លោក នីកូឡាស់ ម៉ាឌូរ៉ូ បង្ហាញខ្លួនក្នុងសវនាការនៅឯទីក្រុងញូវយ៉កជុំវិញបទចោទប្រកាន់គ្រឿងញៀន និងអាវុធ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបណ្ដេញរូបលោកចេញពីអំណាចនៅក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
លោកស្រី Rodriguez មានអាយុ៥៦ឆ្នាំ បានស្បថចូលកាន់តំណែងក្នុងពិធីមួយដំណើរការដោយបងប្រុសរបស់លោកស្រី គឺលោក Jorge Rodriguez ដែលសព្វថ្ងៃជាប្រធានសភាជាតិវ៉េណេស៊ុយអេឡា។
លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកកាលពីថ្ងៃចន្ទ បានការពារខ្លួនឯង ដោយប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ហើយថាលោកនៅតែជាប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា និងភរិយា របស់ខ្ញុំនៅតែស្រ្តីទី១»។ លោក ម៉ាឌូរ៉ូ និងភរិយា នឹងបន្តជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕
រូបថត: AA










