ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី លោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់ អាណត្តិបេសកកម្មនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏ មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃ សន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តគាំទ្រ កម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាងដើម្បីឱ្យប្រជាជន ទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះ អ.ស.ប. ក្នុងការចូលរួមចំណែកយ៉ាង សកម្មក្នុងសកម្មភាពមីនក្រោមប្រតិបត្តិការរក្សាសន្តិភាព។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ អ.ស.ប. ក្នុងវិស័យនេះ ដោយទទួលស្គាល់នូវការរួមចំណែករបស់ អ.ស.ប. ក្នុងការជំរុញគោលបំណងមនុស្សធម៌ ការការពារជនស៊ីវិល និងការគាំទ្រកិច្ចប្រឹងប្រែងរក្សាសន្តិភាពអន្តរជាតិ។
លោក ចូ សូយ័រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្តម។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះបានអនុញ្ញាតឱ្យប្រព័ន្ធ អ.ស.ប. អាចផ្តល់នូវការគាំទ្រកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន។ លោកបានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការតម្រង់អាទិភាពជាតិ ឱ្យស្របទៅនឹងរបៀបវារៈ អភិវឌ្ឍន៍សកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោក ចូ សូយ័រ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោក ចូ សូយ័រ ក៏បានទទួលស្គាល់នូវកេរដំណែលដ៏មានអត្ថន័យរបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ដោយទទួលស្គាល់ថា វាជាគ្រឹះដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការ ជំរុញយុត្តិធម៌ ការទទួលខុសត្រូវ និងការផ្សះផ្សាជាតិ។ កេរដំណែលរបស់ ECCC គឺជាមូលដ្ឋានគ្រឹះសម្រាប់ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងនីតិរដ្ឋ ការអភិរក្សអង្គចងចាំប្រវត្តិសាស្ត្រ និងការបង្កើតមូលដ្ឋានគ្រឹះ អចិន្ត្រៃយ៍សម្រាប់សន្តិភាព និងការអភិវឌ្ឍស្ថាប័នក្នុងប្រទេស។
ឆ្លៀតក្នុងឱកាសនោះ លោក ចូ សូយ័រ បានសម្តែងនូវសមានចិត្តអាណិតចំពោះប្រជាជនភៀសសឹក កម្ពុជា និងជនរងគ្រោះ ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ជាថ្មីឡើងវិញពីសាមគ្គីភាពជាមួយសហគមន៍ដែលទទួលរងការប៉ះពាល់ និងពីការប្តេជ្ញាចិត្តជាបន្តរបស់ អ.ស.ប. ក្នុងការគាំទ្រ ដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និង សុវត្ថិភាពមនុស្ស។ លោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាចលករក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមអាទិភាពជាតិរបស់កម្ពុជា និង តួនាទីសកលរបស់អង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធ ជាមួយ អ.ស.ប. ជាពិសេស អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី ប្រចាំកម្ពុជា គឺលោកស្រី ភ្នំដាំងកា អាន់ឌេវ៉ា។
ជាទីបញ្ចប់ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ៕










