ខេត្តកោះកុង៖ ថ្លែងក្នុងឱកាសនោះចុះទស្សនកិច្ចគម្រោង «អគ្គិសនីដើរ»ដោយឧស្ម័ន LNG នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ សម្រាប់ដំណាក់កាលទី១ និង២០២៧ សម្រាប់ដំណាក់កាលទី២ ដូចផែនការរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី កែវ រតនៈ បានចាត់ទុក«ម្រោងអគ្គិសនីដើរដោយឧស្ម័ន»នេះ នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និង ពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។លោកថា គម្រោងនេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០ មេហ្គាវ៉ាត់ ជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន វិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ គម្រោងថាមពលអគ្គិសនីនេះ មិនត្រឹមតែជានិម្មិតរូបនៃការសហការគ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។
តាមផែនការគម្រោងនេះ នឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ថាមពល ៤៥០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៦នេះ ហើយ៤៥០មេហ្គាវ៉ាត់ទៀត នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ដែលគេរំពឹងថា នឹងជួយផ្តល់អគ្គិសនីបន្ថែមឱ្យកម្ពុជា ជួយពង្រឹងឯករាជ្យភាពថាមពលជាតិ ក៏ដូចជាពង្រឹងស្ថិរភាពបណ្តាញជាតិ បើកផ្លូវឱ្យមានការដាក់ឱ្យប្រើប្រាស់នូវថាមពលអគ្គិសនីដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យបន្ថែមទៀត៕ដោយ៖តារា
រូបភាព៖លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិងគម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង










