លោក លី ធុជ ទឹកចិត្តរបស់សប្បុរសជន ដែលបានឆ្លើយតបភ្លាមៗដោយមិនស្ទាក់ ស្ទើរជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសឹក និងមានការយកចិត្តទុកដាក់ខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរមីនទទួលថវិកាសប្បុរសធម៌ពីក្រុមហ៊ុនឯកជនចំនួន០៦ ដឹកនាំដោយ លោក Dalton Wong ប្រធាន IndoCham Cambodia ដើម្បីរៀបចំសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភគាំទ្រដល់ប្រជាជនភៀសសឹក ក្នុងអំឡុង ពេលនៃវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ក្រោមអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដោយមានតំណាងក្រុមហ៊ុនចំនួន ០៦ រួមមាន៖ ក្រុមហ៊ុនMASSWORK CO.,LTD,CB INSURANCE PLC. REPRESENTATIVE OFFICE OF PERNOD RICARD SINGAPORE PTE.LTD, TOYOTA (CAMBODIA) CO.LTD,Tian Xu International Technology Plc. (CoolCash), និងក្រុមហ៊ុន GREEN VACATION CO., LTD ។
តំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា រួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។
លោក លី ធុជ បញ្ជាក់ថា ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្តបេះ ដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោលដៅលើកទឹកចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។
ជាមួយគ្នានោះផងដែរ លោក លី ធុជ បានលើកឡើងថា ក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ កម្ពុជា នៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។
តាងនាមឱ្យប្រជាជនភៀសសឹក លោក លី ធុជ បានចាត់ទុកទឹកចិត្តដ៏សប្បុ រសរបស់វិស័យ ឯកជន ពិតជាឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរជាមួយនឹងតម្រូវការរបស់ប្រជាជនភៀសសឹក និងមានការ យកចិត្តទុកដាក់ខ្ពស់ ៕

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print