ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តចូលរួម សកម្មភាពរបស់អង្គទូត និងបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗនេះ ស្ថានការណ៍ ហាក់ដូចជាកំពុងវិលមករកផ្លូវត្រូវវិញ ដូចបានឆ្លុះបញ្ចាំងដោយការសម្រេចបាននូវសមិទ្ធផលផ្នែក ការទូតសំខាន់ៗ ដែលរួមមានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ កិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា-ថៃ នាថ្ងៃទី ២៧ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ច ពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំ ខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតី ឡើងវិញ ក្នុងនោះរួមមានបទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ការព្រមព្រៀងដើម្បីធានាឱ្យជនភៀសសឹកផ្ទៃក្នុងប្រទេសអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង និងការប្តេជ្ញាចិត្តឡើងវិញ ចំពោះដំណោះ ស្រាយជម្លោះដោយសន្តិវិធី តាមរយៈការដោះស្រាយឫសគល់នៃជម្លោះ រួមទាំងការបន្តឡើងវិញនូវ ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ ចំពោះការដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុក ចិត្តឡើងវិញ និងបានសម្តែងនូវអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានគាំទ្រ និងរួមចំណែកដល់ការវិវត្តជាវិជ្ជមានទាំងនេះ។ ទោះយ៉ាងណាក្ដី លោកឧបនាយករដ្ឋមន្ត្រី សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តចំនួនបួនរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានលើកអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងវិលត្រឡប់ចូលទៅតំបន់ទាំងនេះ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យសកម្មភាពជាក់ស្តែង ដើរស្របនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធ ក៏ដូចជាស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន។
ស្តីពីបញ្ហាព្រំដែន លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងថៃមានព្រំដែនរួមដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទីដែលផលិតឡើងស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧។ លោកបានលើកពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការងារកំណត់ព្រំដែន ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាពិសេសក្នុងពេលថ្មីៗនេះនៅ ទីតាំងចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ និង ៤២-៤៧ និងបានរំលឹកឡើងវិញនូវចំណុចទី៣នៃ សេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា- ថៃ ដែលបញ្ជាក់យ៉ាងច្បាស់ថា រាល់ការព្រមព្រៀងទាំងអស់ក្រោមសេចក្តីប្រកាសរួមនេះ គឺមិនប៉ះពាល់ ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើយ។ ក្នុងន័យនេះ កម្ពុជាបានស្នើឱ្យមានការកោះប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកជាបន្ទាន់ ដើម្បីពន្លឿនការងារស្របតាមស្មារតីនៃសេចក្តី ប្រកាសរួម។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ ធានាការរក្សាបទឈប់បាញ់បច្ចុប្បន្នឱ្យនៅខ្ជាប់ខ្ជួន។ អាទិភាពបន្ទាន់របស់កម្ពុជាគឺការអនុវត្តបទឈប់ បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យបានពេញលេញ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ រួមទាំង ការអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹកបានវិលត្រឡប់ទៅទីលំនៅវិញប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ ការបន្តការងារ វាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កិច្ចសហ ប្រតិបត្តិការជាក់ស្តែងក្រោមក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមរយៈ ក្រុមការងារសម្របសម្រួលរួមការដោះមីនស្របតាមស្តង់ដារនីតិវិធីប្រតិបត្តិការដែលបានព្រមព្រៀងគ្នា និងការរក្សាច្រកទំនាក់ទំនងបើកចំហរវាងអាជ្ញាធរយោធា និងក្រសួងការបរទេស។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ព្រមទាំងវិធានការចាំបាច់ផ្សេងទៀតដែល បានព្រមព្រៀងគ្នា ដើម្បីតម្លាភាព ការកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នា។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាង ហើយនឹង នៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នាដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា កម្ពុជាជ្រើសរើសយកសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ តំណាងក្រសួងការពារជាតិ និងលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើសេចក្តីរាយការណ៍ និងបទបង្ហាញអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនផងដែរ៕
ដោយ៖តារា










