ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៩ខែមករា ឆ្នាំ២០២៦ នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា សមត្ថកិច្ចស្រុកឯកភ្នំ ឃាត់ជនសង្ស័យមួយ ក្រុមដែលមានគ្នា៩នាក់ ករណីប្រើប្រាស់កាំបិតកាប់ទៅលើយុវជន២នាក់ បណ្តាលឲ្យរងរបួស។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១និង១៥នាទី នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់) មួយកើតឡើង បង្កដោយជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ និងកាប់ម៉ូតូរបស់ជនរងគ្រោះ÷
១-ឈ្មោះ រ៉េត សុភាព ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស លាត់ចេញឈាមលើស្មាខាង ស្តាំ ១កន្លែង (របួសស្រាល) និង២-ឈ្មោះ ឌីណា រតនា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសកំភួនដៃខាងឆ្វេងរលាត់ចេញឈាម ១កន្លែង រងរបួសរលាត់ចេញឈាមខ្នង ២កន្លែង(របួសស្រាល) និងបណ្តាលឱ្យខូចខាត ម៉ូតូចំនួន ១គ្រឿង ម៉ាកហុដាពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ស្លាកលេខបាត់ដំបង1AR-7682 និងខូចខាតបែកស្តុបក្រោយ បែកកាត់តាប៊ូខាងមុខ បែកកុងទ័រនិងក្បាលម៉ូតូខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសម្របសម្រួលនីតិវិធីពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍វរសេនីយ៍ទោ សឿង សាម៉េត អធិការស្តីទីនគរបាលស្រុកឯកភ្នំ បានចុះធ្វើស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៩នាក់ នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រុមជនសង្ស័យទាំង៩នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១រសៀល ÷ ១.ឈ្មោះចាន់ សុខណា ហៅង៉ោល ភេទប្រុស អាយុ ២២ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង, ២.ឈ្មោះធី ធិ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ, ៣. ឈ្មោះ សឿន កញ្ចនា ហៅកាញ់ ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ, ៤.ឈ្មោះ អឿម មិថុនា ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង, ៥.ឈ្មោះ ខុម ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្នក្រុមទី៧ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៦.ឈ្មោះ ភិន សុភស្ស ភេទប្រុស អាយុ ១៨ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ,៧.ឈ្មោះប៉ែត ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ, ៨.ឈ្មោះ មាឃ សំណាង ហៅចឺត ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៩.ឈ្មោះ ទ្រី វេហា ហៅ បឺត ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំដើម្បីសាកសួរ។
ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុ ខាងលើ ពិត ប្រាកដមែន ។ វត្ថុតាងដកហូតបាន៖ កាំបិតផ្គាក់១, កាំបិតកែច្នៃពណ៌សចំនួន១, ម៉ូតូចំនួន៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕










