ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកGAC មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលា ម៉ោង៥:៣០នាទីព្រឹកព្រលឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស (ចំណុចមុខស្ថានទូតវៀតណាម ) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក GAC ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CH-7167 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តបង្កវិញរងការខូចខាតមួយកំណត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមៗនោះអ្នកបើករថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះទៅដល់ធ្វើការពិនិត្យនិងវាស់វែងស្ទូចយករថយន្តបង្កហេតុខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










