ចិនអាចកាត់បន្ថយគម្លាតបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកបាន ដោយសារការកើនឡើងនៃការហ៊ានប្រថុយ និងការច្នៃប្រឌិត ប៉ុន្តែការខ្វះខាតឧបករណ៍ផលិតឈីបកម្រិតខ្ពស់ កំពុងរារាំងការរីកចម្រើននៃវិស័យនេះ នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេរបស់ប្រទេសចិន កាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម AI ដែលគេហៅថា “ខ្លា AI” របស់ចិន ដូចជា MiniMax និង Zhipu AI បានបង្ហាញខ្លួនយ៉ាងរឹងមាំលើផ្សារហ៊ុនហុងកុងនៅសប្ដាហ៍នេះ សញ្ញាបង្ហាញពីការកើនឡើងនៃទំនុកចិត្តលើវិស័យនេះ ខណៈទីក្រុងប៉េកាំងកំពុងជំរុញឲ្យមានការចុះបញ្ជីក្រុមហ៊ុន AI និងឈីបឲ្យបានលឿន ដើម្បីពង្រឹងជម្រើសបច្ចេកវិទ្យាក្នុងស្រុក ជំនួសបច្ចេកវិទ្យាកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក។
យ៉ាវ ស៊ុនយូ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT និងត្រូវបានតែងតាំងជាអ្នកវិទ្យាសាស្ត្រ AI ជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំ Tencent កាលពីខែធ្នូ បាននិយាយថា មានលទ្ធភាពខ្ពស់ណាស់ ដែលក្រុមហ៊ុនចិនមួយ អាចក្លាយជាក្រុមហ៊ុន AI ឈានមុខគេរបស់ពិភពលោក ក្នុងរយៈពេល 3 ដល់ 5 ឆ្នាំខាងមុខ ប៉ុន្តែការខ្វះខាតម៉ាស៊ីនផលិតឈីបកម្រិតខ្ពស់ គឺជាឧបសគ្គបច្ចេកទេសសំខាន់បំផុត។
លោក យ៉ាវ បាននិយាយនៅក្នុងសន្និសីទ AI មួយ នៅទីក្រុងប៉េកាំងថា “បច្ចុប្បន្ន យើងមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងវិស័យថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ។ ចំណុចរាំងស្ទះសំខាន់ៗគឺសមត្ថភាពផលិត រួមទាំងម៉ាស៊ីនលីថូក្រាហ្វី និងប្រព័ន្ធអេកូស៊ីស្ទឹមផ្នែកទន់ (software ecosystem)”។ សារព័ត៌មានReutersបានរាយការណ៍ដោយ កាលពីខែមុនថាចិនបានបញ្ចប់ ការបង្កើតគំរូដំណើរការមួយនៃ ម៉ាស៊ីនលីថូក្រាហ្វីពន្លឺអ៊ុលត្រាវាយឡេតកម្រិតខ្ពស់ (EUV) ដែលអាចមានសមត្ថភាពផលិតឈីបសេមីកុងដាក់ទ័រកម្រិតខ្ពស់ ប្រកួតប្រជែងជាមួយបច្ចេកវិទ្យារបស់បស្ចិមលោក ៕









