អុីរ៉ង់រាយការណ៍ថា បុគ្គលិកសន្តិសុខជាង ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងបាតុកម្មហិង្សា

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ Tasnim នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) បានរាយការណ៍នៅថ្ងៃទី ១១ ខែមករា ដោយដកស្រង់ប្រភពសន្តិសុខថា បុគ្គលិកសន្តិសុខចំនួន ១០៩ នាក់ត្រូវបានសម្លាប់ទូទាំងប្រទេសចាប់តាំងពីរលកនៃការតវ៉ាបានផ្ទុះឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០២៥ និងរីករាលដាលពាសពេញប្រទេស។

ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃដដែលនោះថា ប៉ូលិស និងបុគ្គលិកសន្តិសុខចំនួន ៣០ នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Isfahan តែមួយ។ មេបញ្ជាការនៃបញ្ជាការអនុវត្តន៍ពិសេសរបស់អុីរ៉ង់បាននិយាយថា សមាជិកកងកម្លាំងសន្តិសុខចំនួនប្រាំបីនាក់បានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបកុប្បកម្មជាច្រើននៅថ្ងៃទី ៨-៩ ខែមករា។
អង្គការសកម្មភាពសិទ្ធិមនុស្សអុីរ៉ង់ (HRANA) ដែលជាក្រុមត្រួតពិនិត្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា មនុស្សចំនួន ៥៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងរលកនៃការតវ៉ាបច្ចុប្បន្ននៅក្នុងប្រទេសអុីរ៉ង់ រួមទាំងបុគ្គលិកសន្តិសុខចំនួន ៤៨ នាក់ផងដែរ។
ទូរទស្សន៍រដ្ឋអុ៏រ៉ង់ក៏បានចាក់ផ្សាយរូបភាពនៃពិធីបុណ្យសពនៅក្នុងទីក្រុងភាគខាងលិចដូចជា Gachsaran និង Yasuj សម្រាប់បុគ្គលិកសន្តិសុខដែលត្រូវបានសម្លាប់នៅក្នុងកាតព្វកិច្ចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
តួលេខអ្នកស្លាប់និងរបួសដែលចេញផ្សាយដោយទីក្រុងតេអេរ៉ង់បានកើតឡើង ខណៈដែលរដ្ឋាភិបាលអុីរ៉ង់កំពុងតស៊ូដើម្បីគ្រប់គ្រងរលកនៃការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សរាប់ពាន់នាក់បានចេញតាមដងផ្លូវដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការកើនឡើងនៃការចំណាយលើការរស់នៅ និងអតិផរណា។
លោក Ahmad-Reza Radan នាយប៉ូលិសអុីរ៉ង់ បាននិយាយថា កងកម្លាំងសន្តិសុខបានបង្កើនការឆ្លើយតបរបស់ពួកគេចំពោះ “ក្រុមកុបកម្ម”។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមក៏បានគំរាមចាត់វិធានការនៅថ្ងៃទី 10 ខែមករា បន្ទាប់ពី “ធាតុផ្សំភេរវករ” បានវាយប្រហារកន្លែងសន្តិសុខជាច្រើន។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃអុីរ៉ង់បានទទូចថា ភាពចលាចលកំពុងថយចុះបន្តិចម្តងៗ ខណៈដែលការិយាល័យអគ្គព្រះរាជអាជ្ញាអុីរ៉ង់បានព្រមានថា អ្នកដែលចូលរួមក្នុងអំពើហិង្សានឹងប្រឈមមុខនឹងទោសប្រហារជីវិត។
យោងតាមអង្គការត្រួតពិនិត្យបណ្តាញ Netblocks ការបិទអុីនធឺណិតទូទាំងប្រទេសមានរយៈពេលជាង 60 ម៉ោង។ យោធាអុីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី 10 ខែមករា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារ “ផលប្រយោជន៍ជាតិ” ខណៈពេលដែលចោទប្រកាន់អុីស្រាអែល និងក្រុមភេរវករដែលមានអរិភាពថាកំពុងព្យាយាមធ្វើឱ្យខូចសន្តិសុខសាធារណៈ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា យោធាក្រោមការបញ្ជារបស់អគ្គមេបញ្ជាការកំពូល នឹងធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងទ្រព្យសម្បត្តិសាធារណៈ៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print