ខេត្តកំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឱ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ និងឆ្អេីរ៣.០០០ចង្កាក់ ខណៈរដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។
ក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រងឱ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ ដោយបានដាក់ឈ្មោះថា “សហគមន៍ត្រីឆ្អេីរកោះថ្មី” ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិមានសាមគ្គីភាពគ្នាល្អ ប្រកបដោយសុភមង្គល។ បងប្អូនសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









