ភ្នំពេញ ៖ បុរសម្នាក់ដែលស្លាប់នៅក្នុងដីឡូត៍១កន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្មេងៗបង្ហោះខ្លែងប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។
តាមរបាយការណ៍នគរបាលបានឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះ សុវណ្ណ រ៉ា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឃ្លាំងឥដ្ឋការ៉ូ ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសនេះស្លាប់ដោយឃាតកមិនស្គាល់មុខនិងមិនស្គាល់អត្តសញ្ញាណវាយសម្លាប់ ក្រោយពេលកើតហេតុក្រុមឃាតកទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ទៅ ។ ចំណែកមូលហេតុដែលនាំឲ្យក្រុមឃាតកវាយសម្លាប់បុរសនេះគេពុំទាន់ដឹងថាផ្ដើមចេញពីរឿងអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ដោយឡែកសម្ភារៈរបស់ជនរងគ្រោះមួយចំនួនមិនបានបាត់បង់នោះទេ ហើយនគរបាលបានដកហូតយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយកទៅទុក ដាក់និងប្រើប្រាស់តាមតម្រូវការនៅពេលក្រោយ ។ សម្ភារៈទាំងនោះរួមមាន ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KA-5220, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកូពី១សន្លឹក ,បណ្ណចាក់វ៉ាក់សាំង១សន្លឹក , ប្រាក់ចំនួន ២១០,០០០រៀល និងរូបថត ចំនួន០៩សន្លឹក ។
សូមបញ្ជាក់ថា បើតាមអ្នកភូមិទួលពង្របាននិយាយថា នៅវេលាព្រឹកកើតហេតុនោះមានក្មេងៗ១ក្រុមបានទៅបង្ហោះខ្លែងលេងនៅក្នុងដីឡូត៍ទំនេរមួយនោះ ព្រោះដីឡូត៍នោះធំទូលាយងាយស្រួលលេងខ្លែង ខណៈនោះខ្សែខ្លែងបានទាក់ជាមួយមែកឈើ ។ ក្មេងៗទៅដោះខ្សែខ្លែងចេញពីមែកឈើក៏ប្រទះឃើញសពបុរសរូបនោះដេកស្លាប់ផ្ងារក្បែររបងថ្ម ដោយមានស្នាមបែកក្បាលនិងមានឈាមពេញផ្ទៃមុខ ទើបក្មេងៗរត់ទៅប្រាប់ពួកគាត់ឲ្យបានដឹង ។ បន្ទាប់មកពួកគាត់ក៏បានទៅមើលរួចបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យជាក់ស្ដែង និងធ្វើការស្រាវជ្រាវតាមជំនាញតែម្ដង ។
ទាក់ទងទៅនឹងហេតុការណ៍នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខឃាតកដែលសម្លាប់បុរសនេះហើយ ចំណែកមូលហេតុនៃការវាយសម្លាប់នេះនឹងដឹងនៅពេលណាដែលសមត្ថកិច្ចឃាតកដៃដល់
បាន ៕











