ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលបំណងពង្រឹងសមត្ថភាពលើការងាររដ្ឋបាល សុវត្ថិភាពឯកសារដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ និងការងារពិធីការ ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ, លោកអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៥២នាក់។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារដ្ឋបាល និង កិច្ចការទូទៅនេះជាកិច្ចការងារសំខាន់សម្រាប់ក្រសួងស្ថាប័ននីមួយៗ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺការសំអាតផ្ទះខ្លួនឯងឱ្យស្អាតជាមុនសិន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លងដើម្បីចូលរួមក្នុងការសម្រេចបាននូវលទ្ធផលការងារគួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នានៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
សូមបញ្ជាក់ជូនថានាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ គឺជាអង្គភាពទី៦ ដែលឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ ៕
ដោយ ៖ សិលា










