ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់បុរស២នាក់ស្លាប់ និងមនុស្សប្រុសស្រី៤នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងឧបទ្វហេតុរថយន្តដឹកសុីម៉ង់ត៍ រាប់សិបតោន ចុះពីស្ពាន បុករះរថយន្ត១គ្រឿងម៉ូតូនិងកង់ប្រមាណ ៤ គ្រឿង និងខ្ទេចអាស្រមលោកយាយម៉ៅមួយថែមទៀត ។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង៣ និង ៤០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នៅចំណុចស្ពានអូរត្រជាក់ នាចុងឆ្នេរអូរត្រេះព្រំប្រទល់ក្រុងព្រះសីហនុ និង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនកំពុង អង្គុយលក់ដូរលើរទះនៅក្បែរកន្លែងកើតហេតុសុខៗស្រាប់តែ ឃើញមានរថយន្ត១សុីទែន ដឹកសុីម៉ង់ត៍១គ្រឿង ពណ៌ស មិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 4A-2578 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីឆ្នេរអូរត្រេះ ទៅឆ្នេរអូរឈើទាល ។
លុះមកដល់ចំណុចកើត ហេតុចុះពីស្ពានអូរត្រជាក់ចិត្តផ្លូវកោង ក្នុងល្បឿនលឿនដូចហោះ បួងចង្កូតមិនទាន់ និង មិនកោងតាមផ្លូវហោះជ្រុលទៅបុករះនិងរថយន្តព្រុស១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BW-8904 និង ម៉ូតូ៣គ្រឿងទៀត មានម៉ាក Scopy ១គ្រឿង និង HongDaDream ២គ្រឿងទៀតបែកខ្ទេចសាច់គ្មានសល់ និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម កង់ ១គ្រឿង ហើយនិងអាស្រមលោកយាយម៉ៅមួយនិង រូបសំណាក់លោកយាយមួយបាក់ខូចខាតអស់ ។
ករណីនេះ បណ្តាលឲ្យបុរសម្នាក់អ្នកលក់នៅឆ្នេរស្លាប់ និង បុរសម្នាក់ទៀតស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណ និង បុរសស្ត្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលមានអ្នកជិះកង់ហាត់ប្រាណ និងអ្នកលក់នៅឆ្នេរ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន២រថយន្ត ។
បច្ចុប្បន្ន សមត្ថកិច្ចបានវាស់វែងស្ទួចយកវត្ថុតាងទាំង អស់ទៅរក្សាទុក ដើម្បីដោះស្រាយនិងអនុវត្តន៍ទៅតាមនីតិវិធី។ ចំពោះសពត្រូវបានប្រគល់ជូនសាច់ញ្ញាតិដែលមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕










