សារព័ត៌មាន Reuters បានផ្សាយថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Dmitry Medvedev បាននិយាយថាប្រជាជន Greenland អាចបោះឆ្នោតចូលរួមក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី ប្រសិនបើ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនធ្វើសកម្មភាពភ្លាមៗដើម្បីគ្រប់គ្រងដែនដីអាក់ទិកមួយនេះទេនោះ។
ការកត់សម្គាល់បែបនេះរបស់លោក Medvedev ត្រូវបានស្រង់សម្ដីចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃចន្ទ ទី១១ ខែមករា។ ដោយទំនងជាចង់អុជអាលដុតបញ្ឆេះ ជម្លោះរវាងសហរដ្ឋអាមេរិក និង NATO អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោក ត្រាំចាំបាច់ត្រូវតែប្រញាប់ប្រញាល់។ បើតាមព័ត៌មានមិនផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខ អាចនឹងមានការបោះឆ្នោតប្រជាមតិមួយដែលនៅពេលនោះ ប្រជាជន Greenland ជាង ៥៥ ០០០នាក់អាចបោះឆ្នោតចូលរួមជាមួយរុស្ស៉ី»។
លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាកឱ្យបានដាច់ខាត ដើម្បីផលប្រយោជន៍សន្តិសុខជាតិអាមេរិក និងដើម្បីកំញើញការកើនឡើងសកម្មភាពរបស់ចិន និងរុស្ស៉ីនៅក្នុងតំបន់អាក់ទិក។ លោក ត្រាំថែមទាំងគំរាមទៀតថាបើមិនអាចយក Greenland បានដោយស្រួលទេ នោះលោកនឹងប្រើ កម្លាំងបាយដើម្បីសម្រេចគោលដៅ។
ការណ៍នេះបាននិងកំពុងបង្កជាការខឹងសម្បារផង រួមជាមួយការព្រមានពីបណ្ដាមេដឹកនាំអឺរ៉ុបថាអង្គការ NATO អាចនឹងដួលរលំ ប្រសិនបើ សហរដ្ឋអាមេរិកប្រើកម្លាំងយោធាដើម្បីដណ្ដើមយក Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក និងជាសមាជិក NATO ដែរនោះ៕
រូបថត: Reuters










