ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សបានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) នាថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតងប្រមាណ២០ក្បាលកំពុងរកស៊ីចំណីនៅតាមជើងភ្នំនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្ងោកបៃតងឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖ Pavo muticus)៖ ក្ងោកឈ្មោលមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាបនិងខ្លួនមានពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចជាភ្នែករាប់រយ ហើយញីមានរូបរាងស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។
ក្ងោកមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ព្រៃល្បោះចម្រុះតាមមាត់ទឹក ជាយព្រៃឬស្សី ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ក្ងោកស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រតាមចំណាត់ប្រទេសកម្ពុជានិងបានចុះក្នុងបញ្ជីក្រហមអាយយូស៊ីអិន IUCN (EN) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ២ នៃអនុសញ្ញាសាយតេស CITES។ ជាមួយគ្នានេះក្ងោកកំពុងប្រឈមរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ទីជម្រក។ ប៉ុន្តែការរស់នៅសុខសាន្តរបស់ប្រភេទជីវៈចម្រុះនេះ បានបញ្ជាក់ឱ្យឃើញថាសត្វព្រៃនិងជីវៈចម្រុះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងថែរក្សាបានល្អ និងធ្វើឱ្យមានវត្តមានសត្វព្រៃកើនឡើងផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ៕










