ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ ទៅ ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូនាវាយុវជនអាស៊ី អាគ្នេយ៍ កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរ ទៅ ចូល រួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះ បណ្តាល មុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។

លោកស្រី អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែល បាន ឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយក ដ្ឋាន យុវជន ដឹកនាំដោយ លោកស្រី ស្រូយ សុជាតិ ជ្រើសរើសជា «យុវជន តំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។

លោកស្រី អ៊ឹម រចនា មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ រហួតដល់ថ្ងៃបិទ បញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការដឹកនាំវគ្គបណ្តុះ បណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំង កាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការជាចាំបាច់ សម្រាប់ ប្រាស្រ័យទាក់ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយ ដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។

លោកស្រីប្រធានសមាគម សូមថ្លែងអំណរគុណដល់ គណៈ កម្មការ ដឹកនាំវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការលះបង់ ខ្ពស់បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារ ស្ម័គ្រចិត្ត ពុំទទួលបានប្រាក់កម្រៃ និងនឿយហត់ខ្លាំងក៏ដោយ។

ទន្ទឹមគ្នានេះ លោកស្រី អ៊ឹម រចនា ក៏សូមថ្លែងអំណរគុណដល់ លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយក ដ្ឋានយុវជន កម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើស ប្រតិភូយុវជន សម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក ហើយនិង អរគុណចំពោះអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា គ្រប់ជំនាន់ ដែលតែងតែផ្តល់ការគាំទ្រ ការស្វាគមន៍ និងការឆ្លើយ តប យ៉ាងកក់ក្តៅចំពោះសំណើរនានាពីសមាគម។

ជាទីបញ្ចប់ លោកស្រីប្រធានសមាគម សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗប្រតិភូទាំង១៦រូប ដែលដឹកនាំដោយប្រធានប្រតិភូ លោក អ៊ួន បឋម ហៅ សាយ នឹងបង្ហាញទៅកាន់យុវជនមកពីប្រទេស សមាជិក អាស៊ាន និងប្រទេសជប៉ុន ឱ្យដឹងថាប្រតិភូយុវជនកម្ពុជា មាន សមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌ គុណធម៌ មិនចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។

សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយ ប្រធាន ប្រតិភូ ១រូប នឹងចាប់ផ្ដើមចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហ បុរី មុននឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕

...

ប្រភព ៖ (ទទក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print