តៃវ៉ាន់មានគោលបំណងក្លាយជាដៃគូយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ជាមួយសហរដ្ឋអាមេរិក ដោយសារមានកិច្ចព្រមព្រៀងមួយស្តីពីការកាត់បន្ថយពន្ធនាំចូល និងការជំរុញការវិនិយោគរបស់តៃវ៉ាន់នៅក្នុងសហរដ្ឋអាមេរិក នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោកស្រី Cheng Li-chiun នៅថ្ងៃសុក្រនេះ។
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យតៃវ៉ាន់ ដែលជាអ្នកផលិតសេមីកុងដាក់ទ័រសំខាន់មួយ លើកកម្ពស់ការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងការផលិតបន្ទះឈីប ដែលកំពុងជាថាមពលជំរុញនិន្នាការកើនឡើងនៃបញ្ញាសិប្បនិម្មិត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយពន្ធនាំចូលលើទំនិញនាំចេញជាច្រើនរបស់តៃវ៉ានើដែលមានអំណាចខ្លាំងក្នុងវិស័យសេមីកុងដាក់ទ័រ ហើយក៏ណែនាំឱ្យមានការវិនិយោគថ្មីៗទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ ប៉ុន្តែវាក៏អាចធ្វើឱ្យប្រទេសចិនមិនពេញចិត្ត ដោយសារចិនចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន។
ក្រុមហ៊ុនតៃវ៉ាន់នឹងវិនិយោគចំនួន ២៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនការផលិតសេមីកុងដាក់ទ័រ ថាមពល និងបញ្ញាសិប្បនិម្មិត (AI) នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ រួមមានទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដែលក្រុមហ៊ុនផលិតឈីប TSMC បានប្តេជ្ញារួចហើយកាលពីឆ្នាំ ២០២៥ ហើយនឹងមានការវិនិយោគបន្ថែមទៀតតាមក្រោយ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមអាណត្តិលោក ត្រាំ បាននិយាយថា តៃវ៉ាន់ក៏នឹងធានាបន្ថែមឥណទានចំនួន ២៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ ដើម្បីសម្រួលដល់ការវិនិយោគបន្ថែមទៀត។
លោកស្រី Cheng ដែលដឹកនាំការចរចាសម្រាប់ទីក្រុងតៃប៉ិ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនថា កិច្ចព្រមព្រៀងនេះជាជ័យជម្នះសម្រាប់ភាគីទាំងពីរ ហើយក៏នឹងជំរុញឲ្យមានការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់តៃវ៉ាន់ផងដែរ ដែលសហរដ្ឋអាមេរិកជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធសំខាន់របស់តៃវ៉ាន់។
ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាននៅទីក្រុងតៃប៉េ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោក Kung Ming-hsin បានថ្លែងថា ការវិនិយោគទាំងនោះក៏នឹងរួមបញ្ចូលទាទាំងបច្ចេកវិទ្យា សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងវិស័យថាមពលផងដែរ។ ចំណែកឯថាតើបរិមាណប៉ុន្មាននឹងទាក់ទងនឹងវិស័យឈីប (chips) នោះ លោកបានបន្ថែមថា វាអាស្រ័យលើក្រុមហ៊ុននីមួយៗជាអ្នកប្រកាសបង្ហាញ៕










