ប្រជាពលរដ្ឋភៀសសឹកប្រមាណ៤០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយសារយោធាថៃនៅតែបន្តកាន់កាប់តំបន់ជនស៊ីវិលនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖ មានប្រជាពលរដ្ឋភៀសសឹកប្រមាណ៤០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយសារយោធាថៃនៅតែបន្តកាន់កាប់តំបន់ជនស៊ីវិលនៅកម្ពុជាមួយចំនួន និងបានរា រាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យដល់បទឈប់បាញ់រវាងប្រទេសទាំងពីរ ។
នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីម្សិលមិញ
លោកបានបញ្ជាក់បន្ថែមថា៖ស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ដូច្នេះយើងសង្ឃឹម ថា ប្រទេសថៃនឹងប្តេជ្ញាចិត្តចំពោះការអនុវត្តបទឈប់បាញ់ពេញលេញ និងបញ្ឈប់ទង្វើបង្កអរិភាពរបស់ខ្លួន ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលកន្លងទៅ បានឱ្យដឹងថា យោធាថៃបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបើក ប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ដោយឡែកនៅខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី និងច្រកអន្តរជាតិថ្មដា ហើយចំណែកឯខេត្តព្រះវិហារវិញ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ ហើយខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ពីជំហរដាច់ខាតម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំ ដែនណាមួយដែលកើតចេញពីការប្រើកម្លាំងឡើយ។
ជាមួយគ្នានេះកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្ម ការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរ ជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងការគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print