ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលដឹកអុសតាមគោយន្តកន្ត្រៃមួយគ្រឿងហើយគោយន្តនោះបានបែកបាដាងម្ចាស់ក៏ដូយដើម្បីដាក់បាដាងថ្មី ប៉ុន្តែបែរជាដូយនោះក្រឡាច់បណ្តាលឱ្យសង្កត់ម្ចាស់ស្លាប់តែម្តង។
ករណីក្រឡាច់ដូយបណ្តាលឱ្យគោយន្តដឹកអុសសង្កត់បុរសម្នាក់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលំស្ថិតនៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា មានករណីបុរសម្នាក់បានដូយកង់គោយន្តបណ្តាលឱ្យក្រឡាច់ដូយនោះសង្កត់កិនស្លាប់ម្ចាស់។ នៅមុនពេលកើតហេតុគេបានឃើញគោយន្តកន្ត្រៃ១គ្រឿងម៉ាកKUBUTA មានសណ្តោងរទេះពីក្រោយ កម្លាំង15,5សេះពណ៌ក្រហម ដឹកអុសពេញ បើកបរដោយឈ្មោះឡន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិខ្តេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវលំពីទិសខាងលិចទៅទិសខាងកើត។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រទេះកង់គោយន្តកន្ត្រៃបានបែកបាដាង។ ពេលឃើញដូចនោះជនរងគ្រោះជាម្ចាស់គោយន្តក៏បានដូយកង់រទេះគោយន្តដើម្បីផ្លាស់ប្តូរបាដាងថ្មី ស្រាប់តែក្រឡាច់ដូយ បណ្តាលឱ្យគោយន្តក្រឡាប់សង្កត់កិនបុរសជាជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យ។
នគរបាលស្រុកឱរ៉ាល់បានបន្តឱ្យដឹងថា ក្រោយកើតហេតុនគរបាលបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថាជាគ្រោះថ្នាក់ជាយថាហេតុ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕










