សារព័ត៌មាន Reuters ការដាច់ចរន្តអគ្គិសនីផ្លូវដែក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានរំខានដល់ការធ្វើដំណើរពេលព្រឹក សម្រាប់អ្នកដំណើរប្រហែល ៦៧៣ ០០០នាក់ នាថ្ងៃសុក្រ ទី១៦ ខែមករានេះ ខណៈខ្សែរថភ្លើងសំខាន់ៗចំនួនពីរ ដែលបម្រើដល់ស្ថានីយមមាញឹកបំផុតមួយរបស់ពិភពលោក ត្រូវផ្អាកសកម្មភាព។
ប្រតិបត្តិករផ្លូវដែក East Japan Railway (JR) និយាយថា រថភ្លើងពីរខ្សែគឺ Yamanote និង Keihin-Tohoku បានផ្អាកដំណើរការអស់ ៩ម៉ោង នៅថ្ងៃសុក្រនេះ។ JR បានឱ្យដឹងថា បរាជ័យក្នុងការស្តារចរន្តអគ្គិសនីឡើងវិញ បន្ទាប់ពីការងារជួសជុលថែទាំងនៅស្ថានីយ៍ Tamachi ទីក្រុងតូក្យូកាលពីវេលាយប់កន្លងទៅ ធ្វើឱ្យខ្សែរថភ្លើងទាំងពីរគ្មានអគ្គិសនី នៅពេលព្រឹក។ អ្នកដំណើរបាននាំគ្នាចុះពីរថភ្លើង Keihin-Tohoku ហើយដើរចេញតាមបណ្តោយផ្លូវរថភ្លើង ដោយមានជំនួយពីអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកផ្លូវដែក។
ខ្សែរថភ្លើង Yamanote ឆ្លងកាត់ស្ថានីយ៍នានា រួមទាំងស្ថានីយ៍ Shinjuku ដែលទទួលអ្នកដំណើរប្រហែល ៣.៥លាននាក់ជារៀងរាល់ថ្ងៃ។ រីឯខ្សែរថភ្លើង Keihin-Tohoku តភ្ជាប់ទៅកាន់ទីក្រុងធំៗ ដូចជា តូក្យូ និងយូកូហាម៉ា៕
រូបថត: Mainichi










