ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ គ្រោះមហន្តរាយធម្មជាតិបានកើតឡើងជាង១២០០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ២៤០ នាក់ ព្រមទាំងខូចខាតផ្ទះសម្បែងជាង១ម៉ឺនខ្នងមានការថយចុះបើធៀបទៅនឹងឆ្នាំ២០២៤។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញនេះថា៖ ឆ្នាំ ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។
លោកអ្នកនាំពាក្យរូបនេះ បន្តថា ក្នុងនោះគ្រោះអគ្គិភ័យបានកើតឡើង ចំនួន៨១២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៥ នាក់ និងរងរបួសចំនួន៦៣ នាក់ ឆេះផ្ទះ៨៣៦ ខ្នង តូបផ្សារ៩០ តូប ឃ្លាំងទំនិញ ២៥ កន្លែង រោងចក្រសិប្បកម្ម ១៦ កន្លែងនិងអគាររដ្ឋបាល១២ កន្លែង ស្លាប់មនុស្ស២០នាក់ និងរបួស៥៩នាក់។ ក្នុងចំណោម ៨១២ លើក ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេមានចំនួន ១៧៦ លើកបណ្តាលឲ្យឆេះផ្ទះ២០៥ ខ្នង តូបផ្សារ ២១ តូប ឃ្លាំងទំនិញ ១៣កន្លែង រោងចក្រសិប្បកម្ម ៦ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់មនុស្ស១៨ នាក់ និងរបួស៨នាក់។
ចំណែកគ្រោះរន្ទះបាញ់បានកើតឡើងចំនួន៩៣លើក ខូចខាតផ្ទះសម្បែងចំនួន២០ខ្នងស្លាប់មនុស្ស៤៥នាក់ របួស ៥៨ នាក់ និងងាប់គោក្របី៧១ក្បាល។ រីឯខ្យល់កន្ត្រាក់វិញ បានកើតឡើងចំនួន៣០០លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៤៦៨ខ្នង របើកដំបូលផ្ទះ៩០២៩ ខ្នង របើកដំបូលសាលារៀន ៥០ ខ្នងតូបផ្សារ២៩ តូប អគាររដ្ឋបាល ២០ កន្លែង ស្លាប់មនុស្ស ១៤នាក់ និងរបួស៤៧នាក់។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានឱ្យដឹងទៀតថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះគួរឱ្យកតើសម្គាល់ដោយឆ្នាំ២០២៤ គ្រោះធម្មជាតិកើតឡើងបានកើតឡើងចំនួន ១២៤៣ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៩៥នាក់ រងរបួស ១៥៣ នាក់ និងបំផ្លាញផ្ទះសម្បែង៦០៥៣ ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។
ក្នុងនោះគ្រោះអគ្គិភ័យបានកើតឡើង ចំនួន៨២៣ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២០ នាក់ និងរងរបួសចំនួន ៥៩ នាក់ ឆេះផ្ទះ៨៣៧ ខ្នង តូបផ្សារ២៧៤ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រសិប្បកម្ម ២៥ កន្លែងនិងអគាររដ្ឋបាល ២៧កន្លែងស្លាប់មនុស្ស២០នាក់និងរបួស៥៩នាក់ ។ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើកបណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នងស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៤៥ ក្បាលនិងខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៩៥លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤៨ខ្នង របើកដំបូលផ្ទះ ៤៦៣៧ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នងតូបផ្សារ៤០ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស៣៩ នាក់៕
ដោយ៖តារា










