ភ្នំពេញ៖ បុរសម្នាក់ពិតជាខ្លាំងមែន ខណៈបេីកបររថយន្ដ LEXUS ពាក់ស្លាកលេខ ភ្នំពេញ 2AV-8878 ទំនងជាស្រវឹងជោកជាំបានបេីកទៅបុកជាមួយរថយន្ដ LEXUS CT200h ពាក់ផ្លាកលេខ ភ្នំពេញ 2CG-4341 បណ្ដាលឱ្យរងការខូចខាតហេីយដេញវាយម្ចាស់LEXUS CT200h ថែមទាំងបានហក់ធាក់រថយន្ដបន្ថែមទៀត រួចជនបង្កបេីករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកេីតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យប្តឹង និងប្រគល់ឱ្យមន្រ្តីនគរបាលជំនាញចរាចរណ៍ ដេីម្បីបន្តនីតិវិធី ក្នុងការស្វែងរកម្ចាស់រថយន្តបង្កហៅយកមកសាកសួរ ចាត់ការតាមច្បាប់៕
ដោយ៖តារា










