ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។ បើគិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បច្ចុប្បន្នភាពនៃ ស្ថានការណ៍រួម មានជាអាទិ៍៖
*១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក២.៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋាន វិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បាន វិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៧.៧៧២នាក់ ក្នុងនោះស្ត្រីមាន ៧២.០៣៦នាក់ និងកុមារ៤៥.១៣០នាក់។
*២-ការបើកឡើងវិញ និងការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន ២៣៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំង មានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំ-សង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន២៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្ត បិទផ្អាក។ ខេត្តបន្ទាយមានជ័យ អង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការ ឡើងវិញ ខណៈសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៣២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងអង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការ ឡើងវិញ ខណៈសាលារៀន២៩ (៧កន្លែងខូចខាត និង២២កំពុងសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ) និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក។
*៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ របាយការណ៍ទើបប្រមូលបានបន្ថែម ខេត្តឧត្តរមានជ័យ ខូចខាតផ្ទះ៤៩០ខ្នង ស្ថានីយប្រេងឥន្ធនៈ១ មន្ទីរពេទ្យ/មណ្ឌលសុខភាព៥ អគារ៩ និងផ្លូវ១១កន្លែង។ ខេត្តព្រះវិហារ ខូចខាតផ្ទះ១៤៩ខ្នង វត្តអារាម២ និងផ្លូវ៤៣កន្លែង។ ខេត្តបាត់ដំបង ខូចខាតផ្ទះ៥ខ្នង សាលារៀន១ និង ផ្លូវ១កន្លែង ខណៈខេត្តកោះកុង ខូចខាតម៉ូតូ២គ្រឿង។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាត ទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៩៨០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹក និងប្រព័ន្ធទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក២ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញ បញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម។
*៤-វិធានការរបស់រដ្ឋបាលខេត្ត និងកិច្ចអន្តរាគមន៍ជួយពលរដ្ឋ៖ បន្តយកចិត្តទុកដាក់គ្រប់គ្រងប្រជាពលរដ្ឋ ភៀសសឹកនៅទីជម្រកសុវត្ថិភាព ដោយបែងចែកស្បៀងអាហារ តង់ រៀបចំជម្រកស្នាក់នៅ ទឹកស្អាត អគ្គិសនី សេវា សុខាភិបាល បង្គន់អនាម័យ សម្ភារប្រើប្រាស់ចាំបាច់ ព្រមទាំងពង្រឹងការគ្រប់គ្រងរដ្ឋបាល និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់។ ជាមួយគ្នានេះ បន្តយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្តនិងពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្រង់ស្ថិតិ ពិនិត្យនិងដោះស្រាយបញ្ហាប៉ះពាល់ដែលកើតមានឡើង សម្របសម្រួលជួយគាំទ្រ ដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ប្រជាពលរដ្ឋ និងទទួលជំនួយសប្បុរសធម៌សម្រាប់ជនភៀសសឹក។ ជារួម ក្នុងស្ថានភាពដែលទីតាំងផ្តល់សេវាសាធារណមួយចំនួនបន្តបិទផ្អាកអាជ្ញាធររដ្ឋបាលដែនដី និងមន្ត្រីពាក់ព័ន្ធ ក៏បានកំពុងខិតខំបំពេញតួនាទីប្រកបដោយភាពបត់បែនតាមកាលៈទេសៈ ដើម្បីផ្តល់សេវាជាមូលដ្ឋានជូនប្រជាពលរដ្ឋ រួមទាំងសេវានៅឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅ សមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាព ទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួងបានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំ បើកដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជា សាលាក្រុង ស្រុក ឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ទន្ទឹមនេះ ក៏បានណែនាំដល់រដ្ឋបាលខេត្តបន្តផ្តល់ការជួយគាំទ្រចាំបាច់នានាជូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅកាន់ លំនៅឋានវិញតាមស្ថានភាព និងតម្រូវការជាក់ស្តែង ជាពិសេសអ្នកដែលទទួលរងនូវការខូចខាតផ្ទះសំបែង និងអ្នកមាន ជីវភាពខ្វះខាត ព្រមទាំងចុះសួរសុខទុក្ខ និងក្តាប់សភាពការណ៍ផ្សេងៗនៅមូលដ្ឋាន។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹង ការបញ្ជាក់ច្បាស់ៗរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ថា កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ភាគីកម្ពុជាបានស្នើជាថ្មីឱ្យភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ 42-47 និងបង្គោលលេខ 52-59 និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើម បង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដែលភាគីទាំងពីរបានឯកភាពគ្នា។ យើងជឿជាក់ថា ភាគីថៃនឹងឆ្លើយតប ជាវិជ្ជមានប្រកបដោយភាពប្រាកដនិយម និងស្មោះត្រង់ ស្របតាមជំហររបស់នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul បានថ្លែង និងចុះផ្សាយតាមកាសែត The Nation Thailand ថា ក្រុមការងារកម្រិតបច្ចេកទេស (វាស់វែង ចម្រុះ-Joint Survey Teams) នៅបន្តអនុវត្តការងាររបស់ខ្លួនដដែល។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពស្ញប់ស្ញែងចំពោះសារប្រកបដោយភាពម៉ឺងម៉ាត់ ប្រាកដនិយមដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ កាលពីយប់ ថ្ងៃទី១៣ ខែមករាថា គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើង បានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
ក្នុងនាមសេនាធិការរាជរដ្ឋាភិបាលលើការងារអនុវត្តច្បាប់ និងគ្រប់គ្រងរដ្ឋបាលដែនដី ក្រសួងមហាផ្ទៃ សូម អំពាវនាវជនរួមជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូជាតិនានារួបរួមជាឆ្លងមួយក្នុងស្មារតីព្រលឹងខ្មែរតែមួយជានិរន្តន៍រៀងទៅ៕
ដោយ៖សិលា










