កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ! Cambodia Protests against Thai Armed Forces’ Actions

ចែករំលែក៖

ភ្នំពេញ , ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្ត ពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភ យ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់ បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ជារឿងមានសារៈសំខាន់ដែលត្រូវគូសបញ្ជាក់ថា សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមក ដោយមាន គោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍ គាំពារ និងស្តារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយ។

នៅក្នុងបរិបទនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវ គ្រប់ប្រការទាំងអស់ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែន ទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវ បានកែប្រែដោយប្រើកម្លាំងនោះឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print