ខេត្តកណ្ដាល÷ ស្ត្រីជាកម្មការិនីរោងចក្រ២នាក់រងរបួស ធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ត១គ្រឿងបើកបរដោយបុរសជនជាតិចិន បុកពេញទំហឹងខណៈកំពុងដើរឆ្លងផ្លូវ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ (ចន្លោះគីឡូម៉ែត្រ ២១-២២) ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កដែលត្រូវបានឃាត់ខ្លួនឈ្មោះ WANG HU ភេទប្រុស អាយុ៤២ឆ្នាំជនជាតិចិន មុខរបរបុគ្គលិករោងចក្រ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានឯកសារត្រឹមត្រូវ និងពិនិត្យមិនមានសារធាតុញៀន ឬជាតិស្រវឹងទេ)។ រថយន្តបង្កម៉ាក HUANGHAI N3 ពណ៌សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ 2BG-1652។
ចំណែកឯជនរងគ្រោះទាំង ២នាក់រួមមាន៖ ទី១ ឈ្មោះ អ៊ែល លក្ខិណា ភេទ ស្រី អាយុ៤០ឆ្នាំ រងរបួសធ្ងន់ (ប៉ះពាល់ផ្នែកខាងក្នុង) និងទី២ ឈ្មោះ ម៉ាប់ ភេទស្រី អាយុ ៥០ឆ្នាំរងរបួសធ្ងន់ (បាក់ដៃស្ដាំ)។ អ្នកទាំងពីរគឺជាកម្មការិនីរោងចក្រ។
លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរពីទិសខាងកើតទៅលិច (ភ្នំពេញ-កំពង់ស្ពឺ)។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយអ្នកថ្មើរជើងទាំង ២ នាក់ ដែលកំពុងដើរឆ្លងផ្លូវពីត្បូងទៅជើង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ករណីនេះបណ្ដាលមកពីអ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តបង្កត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន។ ចំពោះអ្នកបើកបរ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់៕










