លោក អូស្មាន ហាស្សាន់ ជំរុញឲ្យនាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាមម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូន​គ្រូនិងសិស្សា​នុសិស្ស​នៅសហគមន៍អ៊ិស្លាមជនបទឲ្យបានលឿនសម្រាប់ជំហានទី១

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ជំរុញឲ្យក្រុមប្រតិភូ នាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាមម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសហគមន៍ខ្មែរអ៊ិស្លាមជនបទឲ្យបានលឿនសម្រាប់ជំហានទី១ នេះ ដើម្បីបង្ហាញពីសកម្មភាពជឿជាក់ពីថ្នាក់ដឹកនាំ (មានន័យថា ហ៊ានថា គឺហ៊ានធ្វើមិនសន្យាចោល)។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបានបញ្ជាក់បែបនេះ ខណៈលោកទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ អ្នកជំនាញបច្ចេកទេសម៉ាឡេស៊ី១២រូប នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០១៦។

លោក Haji Mohammad Nordin Ismail  អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអ៊ិស្លាមម៉ាឡេស៊ី បញ្ជាក់ថា នៅក្នុងជាជំហ៊ានដំបូង ក្នុងដំណើរការលើគម្រោងនានាសម្រាប់ឆ្នាំ២០១៦ នេះ ក្រុមអ្នកឯកទេសរបស់ស្ថាប័នលោក បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលម៉ាឡេស៊ីឲ្យចាប់ផ្តើមចំណាយខ្ទង់ថវិកាចំនួន៣០ម៉ឺនដុល្លារសិន ដើម្បីបើកវគ្គអប់រំ វិជ្ជាជីវៈ និងបច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដល់សហគមន៍ខ្មែរអ៊ិស្លាមនៅជនបទក្នុងជំហ៊ានដំបូងនេះ។

ឆ្លើយតបតាមសំណើររបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា គឺត្រូវបើកវគ្គមុនគេនៅ ខេត្ដកំពង់ចាម និងខេត្ដកំពង់ឆ្នំាង ។ ហើយបន្តរៀងរាល់ឆ្នាំរហូតដល់បញ្ចប់បេសកកម្មដើមឆ្នាំ២០១៩ ។ ក្នុងពេលនេះយើងផ្តើមពីវិស័យអប់រំជាមុន ដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និងបឋមសិក្សា  ហើយនឹងមានវគ្គអប់រំផ្សេងៗបន្ដទៀត ។ ចំណែកប្រព័ន្ឋផ្សេងៗ ៥ចំនុចទៀតនឹងបន្តតាមកាលវិភាគដែលបានដាក់ជូន ហើយកែប្រែតាមស្ថានភាពជាក់ស្តែង។ តាមរយៈសកម្មភាពនេះជាការបង្ហាញ ពីការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ឋរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានសម្រេច និងចាប់ផ្តើមដំណើរការគម្រោងកញ្ចប់ថវិការខាងលើដើម្បីជួយបណ្តុះបណ្តាល និងបំពេញសេចក្តីត្រូវការរបស់សហគមន៍ខ្មែរអ៊ិស្លាម ។ លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំសាសនិកអ៊ិស្លាមកម្ពុជា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាលេស៊ីនឹងបន្តបេសកកម្មនេះរហូតបានសម្រេច គ្រប់ផ្នែកទាំងអស់ដើម្បីចូលរួមអភិវឌ្ឍន៍លើកកំពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាអ៊ិស្លាមនៅកម្ពុជា ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ។

លោកបន្ដថា សម្រាប់៦ចំណុច ដែលស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិកាក្រោមការរាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី  យើងខ្ញុំកំពុងរៀបចំមេក្រុមការងារតាមផ្នែកនិមួយៗ ដើម្បីទៅទទួលការបណ្តុះបណ្តាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលាដែលក្រុមបច្ចេកទេសដាក់ជូនហាក់បីដូចជាគៀកគ្នា និងរយៈពេលខ្លី យើងខ្ញុំសូមយកពេលនេះចាត់ចែងសមាសភាពឲ្យសមស្រមតាមជំនាញនិមួយៗសិន បន្ទាប់មកក្រុមគណៈដឹកនំាជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា យើងនិងស្នើសុំកំណត់ថេរវេលាទៅតាមផ្នែកនិមួយៗ ដើម្បីត្រៀមអនុវត្ដការងារនេះឲ្យមានប្រសិទ្ធភាព ទៅតាមបណ្ដាខេត្ដផ្សេងៗបន្ដទៀតនៅពេលក្រោយ ៕

image1 image2 image3 image4 image51  image61 image6 image7 image8 image9 image10 image11

ដោយ៖ សំរិត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print