សារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្ដេញមន្ត្រីជាន់ខ្ពស់ម្នាក់ដែលទទួលខុសត្រូវខាងគោលនយោបាយសេដ្ឋកិច្ច និងថ្កោលទោសប្រព័ន្ធរដ្ឋបាល ដែលគ្មានប្រសិទ្ធភាព។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថភាពរបស់ក្រុមមន្ត្រីណែនាំខាងសេដ្ឋកិច្ចខ្លះ បានធ្វើឱ្យការធ្វើទំនើបកម្មរោងចក្រ Ryongsong Machine Complex ជួបប្រទះនឹងការលំបាក»។
តាម KCNA មន្ត្រីជាន់ខ្ពស់ដែលលោក គីម បានបណ្ដេញចេញពីតំណែងគឺឧបនាយករដ្ឋមន្ត្រី លោក Yang Sung Ho។ «Yang មិនស័ក្តិសមនឹងទទួលបានការផ្ដល់ សេចក្ដីទុកចិត្តឱ្យទទួលបន្ទុកដ៏ធ្ងន់នេះទេ»។ នេះការបន្ថែមរបស់លោក គីម។ ការបណ្ដេញមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះកើតមានឡើងក្នុងគ្រាដែលកូរ៉េខាងជើង កំពុងត្រៀមរៀបចំបើកសមាជរបស់គណបក្សពលកររបស់ខ្លួន ដែលក្រុមអ្នកវិភាគព្យាករថាអាចនឹងប្រព្រឹត្តនៅប៉ុន្មានសប្ដាហ៍ខាងមុខ៕
រូបថត: KCNA










