Kylian Mbappé អំពាវនាវឲ្យអ្នកគាំទ្រ Real Madrid កុំស្តីបន្ទោស Vinicius Jr តែម្នាក់ឯង

ចែករំលែក៖

Kylian Mbappé បានអំពាវនាវឲ្យអ្នកគាំទ្រ Real Madrid បញ្ឈប់ការចោទប្រកាន់ ឬស្តីបន្ទោស Vinicius Jr តែម្នាក់ឯង ចំពោះទម្រង់លេងដែលមិនស្ថិតស្ថេររបស់ក្លិប ដោយគាត់បានបញ្ជាក់ថា កំហុសគឺស្ថិតលើ ក្រុមទាំងមូល មិនមែនលើកីឡាករម្នាក់ណាមួយទេ។

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បានអំពាវនាវឲ្យមានភាពរួបរួមគ្នា មុនការប្រកួត Champions League ដែល Real Madrid ត្រូវជួប Monaco នៅផ្ទះខ្លួនឯង ក្នុងថ្ងៃអង្គារ បន្ទាប់ពីភាពតានតឹងនៅកីឡដ្ឋាន Santiago Bernabeu ឡើងដល់កម្រិតខ្ពស់ ទោះបីជាមានជ័យជម្នះ 2-0 ក្នុងកម្មវិធី LaLiga លើក្លឹប Levante កាលពីថ្ងៃសៅរ៍ក៏ដោយ។

Mbappé បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ខ្ញុំយល់ចិត្តអ្នកគាំទ្រ ព្រោះយើងមិនបានធ្វើអ្វីៗឲ្យបានល្អនោះទេ តែអ្វីដែលខ្ញុំមិនពេញចិត្ត គឺបើពួកគេបានស្តីបន្ទោស គួរតែបន្ទោសក្រុមទាំងមូល។ មិនគួរជ្រើសរើសស្តីបន្ទោសកីឡាករម្នាក់ណាមួយឡើយ។ វាមិនមែនជាកំហុសរបស់ Vini ទេ ដែលធ្វើឲ្យយើងលេងមិនល្អនៅពេលនេះ។”

ទោះបីជា Real Madrid ឈ្នះ Levante ក្នុង LaLiga កាលពីថ្ងៃសៅរ៍ និងធ្វើឲ្យក្រុមឈរលេខ 2 នៅតារាង ដោយនៅសល់ត្រឹម 1 ពិន្ទុពីក្រោយ Barcelona (ដែលបានចាញ់ Real Sociedad កាលពីថ្ងៃអាទិត្យ) ក៏ដោយ ការខកចិត្តរបស់អ្នកគាំទ្រ នៅតែផ្ទុះឡើងនៅទឹកដី Bernabeu។

អ្នកគាំទ្របានបង្ហាញកំហឹងចំពោះកីឡាករជាច្រើន រួមទាំង Vinicius ផងដែរ។ ខ្សែបម្រើស្លាបជម្រើសជាតិប្រេស៊ីលរូបនេះ ត្រូវបានគេស្រែកបន្ទោសឌឺដងពេញមួយការប្រកួត ជាពិសេសនៅពេលប្រកាសបញ្ជីកីឡាករចាប់ផ្តើមលេង ដោយសម្លេងបន្ទោសខ្លាំងៗលាន់ពេញកីឡដ្ឋាន។

...

ភាពមិនស្ងប់ស្ងាត់នេះ បានកើតឡើងបន្ទាប់ពីរយៈពេលដ៏លំបាកមួយ សម្រាប់ក្រុមឈ្នះពានអឺរ៉ុប 15 ដងReal Madrid។ ការចាញ់ Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup កាលពីដើមខែនេះ រួមជាមួយនឹងការធ្លាក់ចេញយ៉ាងភ្ញាក់ផ្អើល 3-2 ក្នុង Copa del Rey ទល់នឹង Albacete (ក្រុមលីគទី 2) បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print