ភូមិភាគឦសាន៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២២៦នេះ បានអញ្ជើញមកតំបន់ភូមិភាគឦសានផ្ទាល់នាពេលនេះ មិនត្រឹមតែដើម្បីមកប្រគល់ប័ណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់លើ៖
១. សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។
២. បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។
៣. បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច
ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង។
ពិធីចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ៕
ដោយ៖តារា










