ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល ពាក់ព័ន្ធហ្នឹង បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា ក្នុងនោះមានមេក្លោងជនជាតិឡាវចំនួន ៤នាក់ផងដែរ។
យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មចេញចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖
១៖ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ០២០៤៦ ត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។
២៖ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
៣៖ វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការរងរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១មកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
៤៖ អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
៥៖ អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី ។
៦៖ អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក។
មិនទាន់មានការបញ្ជាក់ពីទោសកំហុសនៃការប្រព្រឹត្តល្មើសរបស់មន្ត្រីនគរបាលខាងលើនេះនៅឡើយទេ។ តែប្រភពបានបង្ហើបថា មន្ត្រីនគរបាលខាងលើបានឃុបឃិតគ្នាជាប្រព័ន្ធដោះលែងមនុស្សឆ្លងដែនខុសច្បាប់៕










