ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូអង្គការការងារអន្តរជាតិ (International Labour Organization- ILO) ដឹកនាំដោយ លោកស្រី Xiaoyan Qian នាយិកាប្រចាំប្រទេស (Director of ILO Country Office for Thailand, Cambodia and Lao PDR) ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ នាយិការប្រចាំប្រទេសនៃអង្គការ ILO បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាការ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំជាមួយ ILO នាពេលកន្លងមក ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្របន្ថែមទៀត លើវិស័យការអភិវឌ្ឍជំនាញយុវជន, ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយថែទាំ ដែលជួយកាត់បន្ថយ និងបែងចែកឡើងវិញនូវការងារថែទាំ ការពង្រីកសេវាថែទាំកុមារដែលមានតម្លៃសមរម្យ ការពង្រឹងកិច្ចការពារមាតុភាព និងការលើកកម្ពស់ការចែករំលែកការទទួលខុសត្រូវក្នុងការថែទាំ។ បន្ថែមពីនេះ លោកជំទាវ បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់លម្អិតពី ប្រព័ន្ធអេកូឡូស៊ីនៃគោលនយោបាយថែទាំ និងបេសកកម្មរបស់ក្រសួងលើវិស័យការអប់រំកុមារតូច (Early Childhood Education) និងគន្លងអប់រំថ្មី ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមភាពយេនឌ័រ។ ក្នុងន័យនេះ អង្គការ ILO នឹងផ្តល់ជំនួយបច្ចេកទេសក្នុងកម្រិតគោលនយោបាយ និងការលើកកម្ពស់ការបង្កើតមជ្ឈមណ្ឌលថែទាំកុមារដែលដឹកនាំដោយវិស័យឯកជន និងសហករណ៍ថែទាំ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចថែទាំ ព្រមទាំងធានាថាភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសកម្មករនិយោជិត និងនិយោជក ត្រូវបានផ្តល់ឱកាសឱ្យចូលរួមយ៉ាងសកម្ម និងទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការដាក់បញ្ចូលវិស័យថែទាំទៅក្នុងប្រព័ន្ធផ្លូវការ។
ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការបន្តចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាជាច្រើនឆ្នាំមកនេះ និងការបង្ហាញចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយបានរំលេចពីភាពជាដៃគូដ៏សំខាន់រវាង(ILO) និង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្សារភ្ជាប់ប្រព័ន្ធអប់រំទៅនឹងទីផ្សារការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជននាពេលកន្លងមក តាមរយៈគម្រោង ៖ ១) “ការអភិវឌ្ឍសហគ្រិនភាព” ដែលបានបញ្ចូលចំណេះដឹងពីអាជីវកម្ម (Know About Business – KAB) ទៅក្នុងកម្មវិធីសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ក្នុងនោះ ILO បានជួយបណ្តុះបណ្តាលគ្រូឧទ្ទេស និងផ្តល់ឯកសារមេរៀនស្តីពីការគ្រប់គ្រងអាជីវកម្មខ្នាតតូច។ (២) ILO បានសហការជាមួយក្រសួងអប់រំលើផ្នែកវិទ្យាល័យបច្ចេកទេស សម្រាប់គម្រោងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយរួមមានការតម្រង់ទិសវិជ្ជាជីវៈ ជួយរៀបចំប្រព័ន្ធប្រឹក្សាយោបល់ការងារដល់សិស្ស ការពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងស្តង់ដារតំបន់ និងអន្តរជាតិ។ (៣) ការលុបបំបាត់ពលកម្មកុមារតាមរយៈការអប់រំ៖ ILO និងក្រសួងអប់រំបានធ្វើការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារ (៤) កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (Decent Work Country Programme) អង្គការ ILO បានគាំទ្រក្រសួងអប់រំក្នុងការធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីធានាថាយុវជនដែលបញ្ចប់ការសិក្សាមានជំនាញដែលនិយោជកចង់បាន(Employability),និង លើកកម្ពស់សិទ្ធិការងារ និងសុវត្ថិភាពការងារដល់យុវជនដែលត្រៀមខ្លួនចូលក្នុងទីផ្សារការងារ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ ILO ចំពោះភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញយុវជន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរនឹងមានកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីឈានទៅសម្រេចចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយថែទាំ(Care Policy) ដែលជាគ្រឹះដ៏សំខាន់មួយគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ ៖ សិលា










