ខេត្តបន្ទាយមានជ័យ÷ ស្ត្រីមានផ្ទៃម្នាក់ឈ្មោះ យស សុខជា អាយុ៣២ឆ្នាំ រស់នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានជិះកង់ម្នាក់ឯងក្នុងចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ ទៅសម្រាលកូននៅមណ្ឌលសុខភាពភ្នៀត ដោយខ្លួនឯង ដោយសារស្ត្រីរូបនេះមានជីវភាពខ្វះខាត រស់នៅម្នាក់ឯង ក្រោយពេលចែកផ្លូវពីស្វាមី និងប្រកបអាជីវកម្ម រើសអេតចាយ ចិញ្ចឹមជីវិត ។
នេះបើតាមការចេញផ្សាយរបស់វិទ្យុស្ត្រី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ ។
ក្រោយពេលលេចឮព័ត៌មានដែលវិទ្យុស្ត្រីបានចុះផ្សាយពីស្ត្រីមានផ្ទៃពោះម្នាក់ជិះកង់ទៅសម្រាលកូនដោយខ្លួនឯងនេះ អាជ្ញាធរ បាននិងកំពុងសិក្សាលទ្ធភាពធ្វើប័ណ្ណក្រីក្រជូន ផងដែរ ។
ប្រធានមណ្ឌលសុខភាពភ្នៀតប្រាប់ថា ក្រោយពីទទួលបានការជួយសម្រាលកាលពីថ្ងៃ១៣ ខែមករា ឆ្នាំ ២០២៦ ពីគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពភ្នៀត ម្តាយ និងកូនមានសុខភាពល្អ។ អ្នកស្រី យស សុជា បានប្រាប់ក្រុមគ្រូពេទ្យអំឡុងពេលសម្រាកមន្ទីរពេទ្យសម្រាលកូនថា អ្នកស្រីជាស្ត្រី ដែលមមានជីវភាពខ្សត់ ខ្សោយជីវភាព នៅម្នាក់ឯង និងបានចែកផ្លូវជាមួយស្វាមី ដោយបច្ចុប្បន្នប្រកបមុខរបររើសអេតចាយ ចិញ្ចឹមជីវិត។ ពេលឈឺពោះហៀបនឹងសម្រាល អ្នកស្រីបានសម្រេច ចិត្ត ជិះកង់ទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមង្គលបូរី ប៉ុន្តែដោយសារអ្នកស្រីគិតថា ជិះកង់មិនដល់ ទើបចូលសម្រាលនៅមណ្ឌលសុខភាពភ្នៀតតែម្តង ដែលមណ្ឌលសុខភាពភ្នៀតនេះ នៅតាមផ្លូវ ទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ។
ពេលឃើញអ្នកស្រី ទៅដល់ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ ផ្ដល់សេវាសុខាភិបាលតាមបច្ចេកទេស ធ្វើឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន។ ក្រុមគ្រូពេទ្យបានរៀបចំសម្ភារប្រើប្រាស់ គ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់ម្តាយ និងកូនភ្លាមៗ ។
បន្ទាប់មកលោកប្រធានមណ្ឌលសុខភាពភ្នៀត ក៏បានជូនដំណឹងនេះដល់អាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ការគាំទ្រ និងជួយសម្រួលដល់ការលំបាករបស់ស្ត្រីសរសៃខ្ចីរូបនេះផងដែរ ។
អ្នកស្រី យស សុជា មានជីវភាពខ្វះខាត និងជាស្ត្រីមានផ្ទៃពោះ ដែលមិនមិននស្វាមីនៅជាមួយ។ គិតត្រឹមថ្ងៃ ដែលអ្នកស្រីសម្រាលកូន អ្នកស្រីមិនមានប័ណ្ណក្រីក្រឡើយ ។
យ៉ាងណា ក្រោយពីលេចឮព័ត៌មាន ដែលស្ត្រីមានផ្ទៃ ពោះគ្រប់ខែជិះកងជាង២០គីឡូម៉ែត្រ ទៅសម្រាលកូននៅមណ្ឌលសុខភាពដោយខ្លួនឯងនេះ មានមន្ត្រីពាក់ ព័ន្ធជាច្រើនទៀត ដូចជា មន្ត្រីសុខាភិបាលផ្នែកកែលំអគុណភាពសេវាមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិសិរីសោភ័ណ និងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ជាដើម បានយកជំនួយឧបត្ថម្ភ ជូនអ្នកស្រី យស សុជា ដល់មណ្ឌលសុខភាពភ្នៀត និងសម្រួលការធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ៕










