ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន និងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងអំឡុងពេលនៃជំនួប លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យ និងកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានអបអរ លោកឯកអគ្គរដ្ឋទូតដែលទទួលបានតួនាទីថ្មី។

 

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះ ការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូត ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃទំនាក់ទំនង តាមរយៈការបន្តផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមក ជាពិសេស ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខែឧសភា ឆ្នាំ២០២៥ លោក Prabowo Subianto ក្នុងឋានៈជា រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៅខែកញ្ញា ឆ្នាំ២០២៤ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីឡើងកាន់ដំណែងប្រធានាធិបតីរបស់លោក Prabowo Subianto នៅខែតុលា ឆ្នាំ២០២៤។

 

លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាង ទូលំទូលាយ លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមានកិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ សេដ្ឋកិច្ច ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រម ទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។

 

ទន្ទឹមនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួម រំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ហើយបានវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធ អនឡាញ។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជានានា ដែលបានផ្តល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់ឯកឧត្តម។

...

 

លោកឧបនាយករដ្ឋមន្ត្រី បានជូនពរ លោកឯកអគ្គរដ្ឋទូត និងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មី ដើម្បីពង្រឹងចំណង មិត្តភាពទ្វេភាគីបន្ថែមទៀត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print