ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យ អគ្គនាយកដ្នាន នាយកដ្ឋាន និងមន្ទីរព័ត៌មានរាជធានី ខេត្ដទាំងអស់ ដែលជាខ្សែបណ្តោយ ត្រូវរៀបចំផែនការ និងសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចផែនការក្នុងការអនុវត្កការងារតាមអង្គភាពនីមួយៗនឹងជួយឱ្យក្រសួងដើរកាន់តែលឿន កាន់តែមានប្រសិទ្ធភាព ហើយព្រមជាមួយគ្នាក៏កាន់តែទទួលបាននូវលទ្ធផលល្អ លោក បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងព័ត៏មាន នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា៖”បើករណីយើងមានតែក្បាលម៉ាស៊ីនលើ និងមានតែរដ្ឋមន្រ្តីម្នាក់ ហើយមន្រ្តីដទៃទៀតមិនបានធ្វើវានោះ នឹងជួបបញ្ហាលំបាក។បើករណីយើងមិនមានថ្នាក់ក្រោមទេ ហើយយើងធ្វើតែថ្នាក់ខាងលើនោះប្រៀបប្រដូចមានតែក្រដាសមិនមានអ្វីនោះទេ ផ្ទុយទៅ វិញបើយើងមានផែនការពីលើដល់ក្រោមនោះយើងមានមានទាំងគុណភាពទៅលើផែនការអនុវត្តនោះ យើងនឹងទទួលបានជោគជ័យ”។
ទាក់ទិនក្នុងរឿងនេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការបញ្ជ្រាបផែនការរបស់ខ្លួនទៅដល់ថ្នាក់ក្រោមក្នុងនេះដូចជាការផ្សព្វផ្សាយ ការណែនាំ ពីផែនការចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម គឺងាយនឹងជួយធ្វើឱ្យមន្រ្តីថ្នាក់ក្រោមទទួលបានព័ត៌មានទាំងអស់ ទទួលបាននូវអ្វីជាគោលដែលយើងត្រូវដើរ។មន្រ្តីម្នាក់ៗមាន សមត្ថភាព ចំណេះដឹង ទេពកោសល្យរៀងៗខ្លួន ហេតុនេះត្រូវបំពេញគ្នាទៅវិញទៅមក។ត្រូវធ្វើយ៉ាងណាឱ្យការងារឈានឆ្ពោះទៅមុខ និងទទួលបានជោគជ័យ។យើងត្រូវប្រើ អភិក្រមពោលគឺបំពេញគ្នាទោវិញទៅមក យើងចេះអ្វីធ្វើហ្នឹង គេចេះអ្វីគេធ្វើហ្នឹង ហើយយើងចូលរួមមតិគ្នាទៅវិញទៅមក ដើម្បីរីកចម្រើនទាំងអស់គ្នា។ត្រូវរួមកម្លាំងជាមួយគ្នា រួមជំនាញជាមួយគ្នាហើយសម្រេចគោលដៅរួមគ្នា៕ ដោយ : សំរិត










