ប្រធានាធិបតីសេណេហ្គាល់ បាស៊ីរូ ឌីអូមាយេ ហ្វាយ (Bassirou Diomaye Faye) បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តច្រើនជាង 130,000 ដុល្លារ ព្រមទាំងដីតំបន់ឆ្នេរសមុទ្រ ដល់សមាជិកម្នាក់ៗនៃក្រុមបាល់ទាត់ជាតិ បន្ទាប់ពីពួកគេឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រងជើងឯក Africa Cup of Nations កាលពីថ្ងៃអាទិត្យពីប្រទេសម៉ារ៉ុក។
លោកបានថ្លែងនៅពិធីមួយក្នុងរាជធានី ដាការ កាលពីយប់ថ្ងៃអង្គារ ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់បានចេញមកតាមដងផ្លូវ ដើម្បីស្វាគមន៍ក្រុមតោអាហ្រ្វិក ដែលទទួលជ័យជម្នះត្រឡប់មកផ្ទះវិញ។
សេណេហ្គាល់បានយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក 1-0 បន្ទាប់ពីការបន្ថែមម៉ោង ក្រោយមានភាពចម្រូងចម្រាស នៅពេលពួកគេបានដើរចេញពីទីលាន បន្ទាប់ពីអជ្ញាកណ្តាលប្រកួតផ្តល់បាល់ពិន័យ ទៅឲ្យម៉ារ៉ុក នៅចុងម៉ោងបន្ថែមនៃ 90 នាទី។
បន្ទាប់ពីកីឡាករសេណេហ្គាល់ត្រឡប់ចូលទីលានវិញ ម៉ារ៉ុកបានស៊ុតបាល់ពិន័យមិនចូលទី ហើយកីឡាករ Pape Gueye បានស៊ុតគ្រាប់បាល់ឈ្នះពានយ៉ាងអស្ចារ្យ ក្នុងនាទីទី 4 នៃម៉ោងបន្ថែម។
កាលពីថ្ងៃអង្គារ កីឡាករសេណេហ្គាល់បានជិះលើឡានក្រុងមួយ ដែលមានអក្សរ «ជើងឯកអាហ្វ្រិក» តាមបណ្តោយឆ្នេរសមុទ្រ ទីក្រុងដាការ ឆ្ពោះទៅកាន់វិមានប្រធានាធិបតី។
ប្រាក់រង្វាន់ចំនួន ប្រហែល 134,892 ដុល្លារ សម្រាប់កីឡាករ 28 នាក់ មានតម្លៃសរុប ប្រហែល 3.7 លានដុល្លារ។ លើសពីនេះ កីឡាករម្នាក់ៗនឹងទទួលបានដីទំហំ 1,500 ម៉ែត្រការ៉េ ផងដែរ។
សេណេហ្គាល់ប្រឈមបញ្ហាបំណុល
ការប្តេជ្ញាផ្តល់រង្វាន់នេះកើតឡើង ខណៈដែលសេណេហ្គាល់កំពុងប្រឈមនឹងបញ្ហាបំណុលធ្ងន់ធ្ងរ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា បំណុលប្រទេសនេះបានឈានដល់ 132% នៃ GDP នៅចុងឆ្នាំ 2024 បន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្នរកឃើញបំណុលរាប់ពាន់លានដុល្លារ ដែលមិនត្រូវបានរាយការណ៍ដោយរដ្ឋាភិបាលមុន។
IMF បានផ្អាកកម្មវិធីឥណទានចំនួន 1.8 ពាន់លានដុល្លារ ដោយសារជម្លោះនេះ បង្ខំឲ្យសេណេហ្គាល់ពឹងផ្អែកខ្លាំងលើការលក់បំណុលតាមតំបន់ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ខ្លួន៕










