ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡានឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

ចែករំលែក៖

នៅថ្ងៃទី២២ ខែមករា សារព័ត៌មាន AFP បានផ្សាយថា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដែលជាសកម្មភាពមួយដែលបង្ហាញបន្ថែមទៀតអំពីឆន្ទៈរបស់ប្រធានាធិបតី Trump ក្នុងកិច្ចសហប្រតិបត្តិការជាមួយលោកស្រី។

យោងតាម AFP ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងក្លាយជាមេដឹកនាំដំបូងគេនៃប្រទេសអាមេរិកខាងត្បូងនេះដែលបានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាង២៥ ឆ្នាំ ដោយមិនរាប់បញ្ចូលប្រធានាធិបតីដែលមកទស្សនកិច្ចទីក្រុងញូវយ៉កសម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ។
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថា លោកស្រី Rodriguez នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់នៅឡើយទេ។
រដ្ឋាភិបាលវេណេស៊ុយអេឡាមិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះនៅឡើយ។ នៅថ្ងៃទី២១ ខែមករា លោកស្រី Rodriguez បានសង្កត់ធ្ងន់ថា លោកស្រីនឹងចាប់ផ្តើមការសន្ទនាណាមួយជាមួយសហរដ្ឋអាមេរិក “ដោយគ្មានការភ័យខ្លាច”។
លោកស្រី Rodriguez បាននិយាយថា “យើងកំពុងស្ថិតក្នុងដំណើរការសន្ទនា ដោយធ្វើការជាមួយសហរដ្ឋអាមេរិកដោយមិនភ័យខ្លាច ដើម្បីប្រឈមមុខនឹងភាពខុសគ្នា និងការលំបាក និងដោះស្រាយវាតាមរយៈមធ្យោបាយការទូត”។

ការអញ្ជើញនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុងការ៉ាកាស ចាប់តាំងពីការវាយឆ្មក់ដោយកងកម្លាំង Delta Force របស់សហរដ្ឋអាមេរិកនៅទីក្រុងការ៉ាកាស ដោយចាប់ខ្លួនប្រធានាធិបតី Nicolas Maduro និងធ្វើបត្យាប័នគាត់ទៅសហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
លោកស្រី Rodriguez អតីតអនុប្រធានាធិបតី និងជាសមាជិករដ្ឋាភិបាលវេណេស៊ុយអេឡាដែលបម្រើការយូរមកហើយ បានផ្លាស់ប្តូរជំហររបស់លោកស្រីនៅពេលដែលលោកស្រីក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន។ លោកស្រីនៅតែស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងការបង្កកទ្រព្យសម្បត្តិផងដែរ៕ដោយ:ធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print