ឈប់តាមបញ្ជាអ្នកកាន់ទង់បែរជាស៊យធំ! រថយន្ត៣ គ្រឿងបុកបន្តគ្នាលើស្ពានផ្លូវក្រវាត់ក្រុងទី៣ ស្ទះចរាចរណ៍យ៉ាងកកកុញ

ចែករំលែក៖

ខេត្តកណ្តាល÷ រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នាជាច្រវាក់ បណ្ដាលឲ្យរថយន្តខ្លះវិលត្រឡប់ក្រោយនិងរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ មករា ២០២៦ វេលាម៉ោង ៩និង០៥នាទីព្រឹក នៅចំណុចលើស្ពាន៩៦ (ផ្លូវក្រវាត់ ក្រុងទី៣) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីរថយន្តទាំង៣គ្រឿងរួមមាន៖ ទី១ រថយន្តម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-7741 បើកបរដោយឈ្មោះ វ៉េង ហុង ភេទ ប្រុស អាយុ ៤៤ឆ្នាំ។ ទី២ រថយន្តបែនដឹកដី ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1188 បើកបរដោយឈ្មោះ អ៊ី ម៉ាន ភេទ ប្រុស អាយុ ៤២ឆ្នាំនិងទី៣ រថយន្តដឹក ទំនិញម៉ាក Hyundai (ចំណុះ៥តោន) ពាក់ស្លាកលេខ បាត់ដំបង 3A-2197 បើកបរដោយឈ្មោះ សុ ធិ ភេទ ប្រុស អាយុ ៣០ឆ្នាំ។

លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ រថយន្ត Highlander បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានឈប់តាមការបញ្ជារបស់អ្នកកាន់ទង់ ដើម្បីទុកផ្លូវឲ្យរថយន្តដឹកខ្សាច់ឆ្លងកាត់ផ្លូវ។ ភ្លាមៗនោះ ស្រាប់តែមានរថយន្តបែនដឹកដីមកបុកពីក្រោយពេញទំហឹង ហើយក៏ត្រូវរថយន្តដឹកទំនិញ Hyundai មកបុកបន្ថែមពីក្រោយមួយតង់ទៀត បណ្ដាលឲ្យរថយន្តបែនវិលត្រឡប់ក្រោយ។ ហេតុការណ៍នេះបានធ្វើឲ្យរថយន្ត Highlander បាក់កាងនិងបែកកញ្ចក់ក្រោយ រីឯរថយន្ត Hyundai បាក់កាងមុខនិងបែកកញ្ចក់កាប៊ីនមុខ ហើយបានធ្វើឲ្យចរាចរណ៍កកកុញ រហូតតម្រូវឲ្យយានយន្តផ្សេងទៀតបើកវៀងគន្លងផ្លូវបញ្ច្រាសទិស។

...

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍វាស់វែង និងរំកិលរថយន្តចេញដើម្បីសម្រួលចរាចរណ៍ជាធម្មតាវិញ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាល ឲ្យមានអ្នករងរបួសនោះទេ ហើយម្ចាស់រថយន្តទាំង៣ គ្រឿង បានយល់ព្រមឲ្យសមត្ថកិច្ចដោះស្រាយតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print